ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ITF Asian 14U Junior Championships បញ្ចប់ដោយភាពជោគជ័យ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់វគ្គផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ី ITF Asian 14U Junior Championships ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការប្រកួតនៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ការប្រកួត ដោយទទួលបានភាពជោគជ័យ ។

លោក ទេព រិទ្ធី អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍អន្តរជាតិដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ីនេះ មាន១៤ប្រទេសចូលរួមប្រកួតប្រជែង ដោយដំណើរការប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែ កញ្ញា ប្រកួតលើ៤វិញ្ញាសា គឺប្រកួតវាយឯកក្តជនបុរស ប្រកួតវាយគូបុរស ប្រកួតវាយឯកក្តជននារី និងប្រកួតវាយគូនារី ។

លោកថា ការប្រកួតនេះ កីឡាករកីឡាការិនី ដែលមកប្រកួតប្រជែងលើទឹកដីប្រទេសកម្ពុជា សុទ្ធសឹងជាកីឡាករកីឡាការិនី ដែលត្រូវបានចំរាញ់ដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ចំនួន៤៦នាក់ ខណៈដែលកម្ពុជាម្ចាស់ផ្ទះទទួលបានសិទ្ធពិសេស ដាក់សមាសភាពកីឡាករ២រូប ដោយមិនបាច់ឆ្លងកាត់ការប្រកួតជម្រុះ។

អគ្គលេខាធិការ រូបនេះ បានពន្យល់ថា ថ្វីត្បិតព្រឹត្តិការណ៍អន្តរជាតិនេះ កីឡាករកម្ពុជា២រូបមិនទទួលបានចំណាត់ល្អក្នុងការប្រកួតប្រជែងនេះយ៉ាងណាក្តីយើងនៅតែមានសេចក្តីរីករាយនិងទទួលភារៈកិច្ចរៀបចំធ្វើជាម្ចាស់ផ្ទះបន្តទៀត ឲ្យតែសហព័ន្ធអន្តរជាតិITFនិងសហព័ន្ធកីឡាកូនបាល់អាស៊ីផ្តល់សិទ្ធនិងទំនុកចិត្តសម្រាប់កម្ពុជា ។ ព្រោះព្រឹត្តិការណ៍នេះ ជាការប្រកួតមួយប្រជុំដោយកីឡាករកីឡាការិនីខ្លាំងនៅក្នុងទ្វីបអាស៊ី ដែលនឹងផ្តល់បទពិសោធន៍ និងបច្ចេកទេសពីការប្រកួតកម្រិតអន្តរជាតិដល់យុវជនបន្តវេនកម្ពុជា អភិវឌ្ឍខ្លួនក្លាយជាកីឡាករវាយកូនបាល់មានសកក្តានុពលប្រចាំទ្វីអាស៊ីនៅពេលខាងមុខ។ មានន័យថា យុវជនកម្ពុជា អាយុក្រោម១៤ឆ្នាំនេះ នឹងក្លាយជាកីឡាករចូលរួមប្រកួតប្រជែងដណ្តើមមេដាយជូនជាតិក្នុងការប្រកួតយុវជនអាស៊ីនៅក្នុងឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់វគ្គផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ី ITF Asian 14U Junior Championships កម្ពុជាជាប្រទេសដំបូងគេដែលទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ដែលផ្តល់សិទ្ធដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិITFនិងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ហើយឆ្នាំ២០២៤ឆ្នាំក្រោយកម្ពុជា ក៏ត្រូវផ្តល់សិទ្ធឲ្យទទួលធ្វើជាម្ចាស់ផ្ទះម្តងទៀត ។ខណៈការទទួលលើកទី១ កម្ពុជាត្រូវបានលើកសសើរពីបណ្តាប្រទេសចូលរួមថា ការរៀបចំមានលក្ខណៈស្តង់ដារ និងការទទួលបដិសណ្ឋាកិច្ចល្អចំពោះភ្ញៀវ។

សម្រាប់លទ្ធផលបច្ចេកទេសនៃការប្រកួត វិញ្ញាសាប្រកួតឯកក្តជននារី លេខ១បានទៅលើ កីឡាការិនីYERI HONG មកពីប្រទេសកូរ៉េ។ វិញ្ញាសាប្រកួតវាយគូ នារី ចំណាត់លេខ១ បានទៅលើកីឡាការិនីមកពីប្រទេសឥណ្តូនេស៊ី។ វិញ្ញាសាប្រកួតឯកក្តជនបុរស ចំណាត់លេខ១បានទៅលើ កីឡាករ Sin hang tam មកពីប្រទេសហុងកុង និងវិញ្ញសាប្រកួតវាយគូបុរស ចំណាត់ថ្នាក់លេខ១បានទៅលើ កីឡាករមកពីប្រទេសហុងកុង៕

អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner