បន្ទាប់ពីនាយករដ្ឋមន្ត្រីចេញបទបញ្ជា៖ ស្នងការនគរបាលខេត្តកំពង់ធំ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានចេញលិខិតបង្គាប់ការសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ មូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។ លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី។

ការសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ គឺបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គសនងការនគរបាលជាតិ ស្រាវជ្រាវជាបន្ទាន់ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។

គួររម្លឹកឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ “ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យស្រាវជ្រាវជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។”

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ៕
ដោយ៖ពលជ័យ

ads banner