យោធិន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបរិច្ចាកឈាម ដើម្បីលើកកម្ពស់សេចក្តីស្រឡាញ់ ជូនដល់មនុស្សទូទៅនៅក្នុងសង្គម

ខេត្តព្រះវិហារ៖ យោធិននៅគ្រប់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលរួមបរិច្ចាកឈាមជូនដល់ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ សម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុផ្សេងៗ ក៏ដូចមនុស្សទូទៅនៅក្នុងសង្គម ដែលត្រូវការឈាមជាចាំបាច់។

នៅក្នុងពិធីបរិច្ចាកឈាមដែលបានធ្វើឡើង ក្រោមប្រធានបទ (ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់) នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី៩ កញ្ញា២០២៣ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានអញ្ជើញជាគណៈអធិបតី ក្រោមការស្វាកមន៍ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ដសរុប ២០០នាក់។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា នៅក្នុងការបរិច្ចាគឈាមរបស់ យោធិនទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លទ្ធផលប្រមូលបានឈាម ចំនួន ៧៥សាក់ សម្រាប់ផ្តល់ជូនមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។

ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា ពិធី «បរិច្ចាកឈាមដោយស្ម័គ្រចិត្ត» ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដី ស្រលាញ់” នាពេលនេះ បានបង្ហាញឲ្យឃើញ ពីការចេះស្រឡាញ់គ្នា និងចេះជួយគ្នានៅក្នុងគ្រាមានអាសន្ន ដែលនេះជាទឹកចិត្តដ៏មុតស្រួចរបស់ យោធិនទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ។

ឯកឧត្តម អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា មកដល់គ្រាបច្ចុប្បន្ន ខេត្តព្រះវិហារ មានបណ្ដាញផ្ដល់ឈាមគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ជូនមន្ទីរពេទ្យបង្អែកខេត្ត និងមាន លទ្ធភាពផ្គត់ផ្គង់ឈាម ដល់បណ្ដាខេត្តផ្សេងៗទៀត ផងដែរ។ ឯកឧត្តម ថា កាលពីពេលកន្លង មក ខេត្តព្រះវិហារ គឺជាខេត្តខ្វះឈាម តែក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីមានការចូល រួមបរិច្ចាកឈាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ដ្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធ តាមរយៈ «យុទ្ធនាការការផ្ដល់ឈាមប្ដូរវេន» តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្ត ជាបន្ដ បន្ទាប់ បានធ្វើឱ្យខេត្តព្រះវិហារ ជាខេត្តដែលមានឈាមគ្រប់គ្រាន់ ហើយលើសពីនេះ ក៏អាចផ្គត់ផ្គង់ដល់បណ្ដាខេត្តផ្សេងៗ បានថែមទៀតផង។

គ្រូពេទ្យជំនាញខេត្តព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា អ្នកបរិច្ចាគឈាម គឺនឹងទទួលបានការពិនិត្យសុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ហើយលក្ខខណ្ឌនៃការផ្តល់ឈាម គឺ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម ក្នុងនោះ ចំពោះស្ត្រីអាចផ្តល់ឈាមបានក្នុងរយៈពេល ៤ខែម្តង។ ចំណែក បុរសអាចផ្តល់ឈាមបាន ក្នុងរយៈពេល ៣ខែម្តង ៕ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner