រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យក្រុមហ៊ុនបៃតង ជួយប្រជាសហគមន៍ខេត្តបាត់ដំបង ឲ្យខិតខំដាំដុះផលិតស្រូវពូជ “សែនក្រអូប និង ផ្ការំដួល” ដើម្បីធានាពីតម្រូវការទីផ្សារ

ខេត្តបាត់ដំបង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះនិងការត្រៀមប្រមូលផលស្រូវ នៅតាមបណ្តាមូលដ្ឋានក្នុងខេត្តបាត់ដំប ដូចជា៖ ស្រុកសង្កែ ,ស្រុកថ្មគោល ,និងស្រុកបវេល ព្រមទាំងបានជួបប្រជុំពិភាក្សាការងារមួយចំនួន ជាមួយ លោកឧកញ៉ា ភួ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដើម្បីរិះរកដំណោះស្រាយឆ្លើយតប កង្វល់ក្នុងការជួយដល់បងប្អូនប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឲ្យស្រូវ មានតម្លៃសមស្រប ក្នុងខណៈពេលដែលពួកគាត់ ត្រូវប្រមូលផលស្រូវម្តងៗ និងចៀសវាងពីការទម្លាក់តម្លៃចុះថោកពីក្រុមឈ្មួញខិលខូច ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានជួបសំណេះសំណាលជាមួយកសិករ ដើម្បីស្វែងយល់ការងារមួយចំនួនពាក់ព័ន្ធការប្រើប្រាស់ទឹកនឹងប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ពូជស្រូវ និងពីការប្រែប្រួលថ្លៃស្រូវក្នុងពេលថ្មីៗនេះ ដោយក្នុងនោះឯកឧត្តម បានកត់សម្គាល់វាយតម្លៃថា៖ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែងបើធៀបនឹងចលនាបំភ្លៃតាមបណ្ដាញសង្គម…គឺស្រូវបានឡើងថ្លៃខ្ពស់ហើយក៏បានចុះមកវិញ តែក៏នៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រងែ និងជាតម្លៃសមរម្យដែលកសិករ នៅតែទទួលប្រាក់ចំណេញផងដែរ។

ទាក់ទិនទៅនិងស្ថានភាពខាងលើ ក្នុងនោះឯកឧត្តម បានផ្តល់នូវអនុសាសន៍ មួយចំនួនក្នុងការរកដំណោះស្រាយនិងជម្រុញធ្វើយ៉ាងណាដើម្បីបងប្អូនប្រជាកសិករ និងបងប្អូនប្រជាសហគមន៍ផលិតស្រូវ ត្រូវនាំគ្នាងាកមកប្រើប្រាស់និងជ្រើសរើសយកពូជស្រូវ “ពូជសែនក្រអូប និងផ្ការំដួល” របស់ខ្មែរយើង ដើម្បីទទួលបាននូវការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ ដែលក្រសួងនិងចាប់ផ្តើមជ្រើសយកដៃគូសហការជាមួយនិងក្រុមហ៊ុនបៃតង របស់លោឧកញ៉ា ភួ ពុយ ក្នុងការជំរុញ និងលើកទឹកចិត្តឲ្យចងក្រងជាសហគមន៍ដើម្បីផលិតពូជស្រូវសែនក្រអូបនិងផ្ការំដួល ប្រកបដោយគុណភាពល្អ និងដើម្បីចែកចាយដល់បងប្អូនប្រជាកសិករដែលផលិតស្រូវចំណីសុទ្ធល្អ ប្រកបដោយគុណភាពគ្រាប់អង្ករល្អ ដើម្បីធានានិរន្តភាពទៅកាន់ទីផ្សារនិងតម្លៃសមស្រប ហើយកសិករ និងប្រជាសហគមន៍ ក៏មិនភ័យព្រួយពីកង្វះទីផ្សារពីការធ្លាក់ចុះនៃតម្លៃកសិផល របស់ខ្លួនឡើយ ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner