ឃុំចំនួន ២នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរមូលដ្ឋាន ទទួលស្គាល់ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ភ្នំពេញ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រកាសទទួលស្គាល់ ឃុំចំនួន២នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែងថា ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខណៈដែលឃុំទាំង២នេះ ស្ថិតក្នុងចំណោម ៤ឃុំហើយ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែកញ្ញា បានឱ្យដឹងថា ឃុំដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រកាសទទួលបានជ័យលាភីជាឃុំ ODFមាន ឃុំអូរឬស្សីកណ្ដាល និងឃុំកោះសំពាយ។
លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញាថា ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ អាជ្ញាធរខេត្តស្ទឹងត្រែង អនុវត្តតាមថ្នាក់ភូមិ ដែលក្នុងចំណោមភូមិចំនួន១២៨ភូមិ ក្នុងខេត្តនេះ បាននិងកំពុងអនុវត្តបាន ៤៤ភូមិហើយ ។
លោកបានប្រាប់ថា នៅក្នុងភូមិចំនួន៤៤នោះ មានភូមិចំនួន៣ ស្ថិតក្នុងឃុំចំនួន២ រួមមាន ឃុំអូរឬស្សីកណ្ដាល និងឃុំកោះសំពាយ នៃស្រុកសៀមបូក បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលហើយ ហើយនៅពេលខាងមុខឆាប់ៗនេះ នឹងមានភូមិចំនួន ៨ ទៀតនៅក្នុងឃុំព្រះរំកិល អាចនឹងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះដែរ។
លោក ម៉ែន គង់ បញ្ជាក់ថា ៖ «ជារួម ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ វាមានសារៈសំខាន់ ដោយសារជាការបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងតាមសហគមន៍ បានរួមចំណែកនៅក្នុងការងារលើកកម្ពស់អនាម័យសហគមន៍ ដែលមានន័យថា គ្រប់ផ្ទះទាំងអស់ មានបង្គន់អនាម័យសម្រាប់ការបន្ទោបង់គ្រប់ៗគ្នា»។
អ្នកនាំពាក្យដដែលបន្តថា ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ជាគម្រោងផែនការត្រឹមឆ្នាំ២០២៥ ប៉ុន្តែការងារនេះសម្រេចបាន ឬមិនបាន វាអាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ និងឥរិយាបទមួយចំនួនទៀតលើការលើកកម្ពស់អនាម័យសហគមន៍តាមរយៈការបញ្ចប់ODF ដោយមានបង្គន់អនាម័យប្រើប្រាស់នៅតាមបណ្ដាខ្នងផ្ទះនីមួយៗផងដែរ។
ដោយឡែក លោក យី គឹមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក៏បានឱ្យដឹងដែរថា កាលណាឃុំទាំងនោះ បានក្លាយជាឃុំ ODF ហើយ វាជាឃុំមួយដែលមានកម្រិតអនាម័យខ្ពស់ ដែលមានន័យថា ប្រជាពលរដ្ឋនៅក្នុងឃុំនោះបានប្ដូរឥរិយាបថពីការបន្ទោបង់ពាសវាលពាសកាល មកបន្ទោបង់នៅក្នុងបង្គន់អនាម័យវិញ។
លោកនិយាយថា ៖ «យើងក៏ជឿជាក់ដែរថា នៅពេលដែលប្រជាជពលរដ្ឋប្តូរឥរិយាបទមកប្រើប្រាស់បង្គន់អនាម័យទាំងអស់គ្នា នោះអត្រានៃជំងឺកុមារ ដែលកើតឡើងដោយការខ្វះអនាម័យ ឬហូបទឹកកង្វក់ ក៏មានការថយចុះដែរ»។
លោកបន្ថែមថា ស្ថានភាពនៅទូទាំងខេត្តស្ទឹងត្រែង ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានសម្រេចលទ្ធផលត្រឹមតែ ៦៤,៤ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២២ ដែលមានប្រជាពលរដ្ឋប្រើប្រាស់បង្គន់កម្រិតមូលដ្ឋាន ហើយគោលដៅសម្រាប់ឆ្នាំ២០២៣នេះ គឺនឹងជម្រុញប្រជាពលរដ្ឋឱ្យមានការប្រើប្រាស់បង្គន់ឱ្យបានដល់៩០%។
សូមបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសខេត្តកែប ជាខេត្តគោលដៅទី៦ ដែលសម្រេចបានជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបានប្រកាសទទួលស្គាល់ជាខេត្តODF ស្របតាមគោលដៅដែលបានកំណត់។ ខេត្តដែលបានប្រកាសជាខេត្ត ODF រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប ៕
ជា សុខនី
CPA