កម្ពុជាបង្ហាញតួលេខកាន់តែប្រសើរលើវិស័យទេសចរណ៍បរទេសតាមផ្លូវអាកាស (Video Inside)

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៣លាន ៤សែននាក់ ក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះ ដែលតួលេខនេះ បានកើនឡើងជាង ១៨០% ប្រៀបធៀបនឹងឆ្នាំកន្លងមក។

តួលេខនេះ ត្រូវគេចាត់ទុកថាបានបង្ហាញពីភាពប្រសើរឡើង នៃវិស័យអាកាសចរណ៍ របស់កម្ពុជាក៏ដូចជាការងើបឡើងវិញ នៃភ្ញៀវទេសចរអន្តរជាតិ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងនៅថ្ងៃនេះថា ជើងហោះហើរមានចំនួន ៣ម៉ឺន ៣ពាន់ ១៤៦ជើង ដែលកើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

នៅជាមួយគ្នានេះដែរ, សេចក្តីរាយការណ៍បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក គឺក្រុមហ៊ុន Qatar Airway គ្រោងនឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញនាចុងខែតុលា ឆ្នាំ២០២៣នេះ ខណៈកម្ពុជាកំពុងស្នើដល់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA ពិនិត្យលទ្ធភាពបើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានអស់ពេល ៤ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ១៩។

មន្ត្រីអាកាសចរកម្ពុជាបានថ្លែងថាគេត្រៀមដាក់ឱ្យដំណើរអាកាសយាន្តដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ដែលរំពឹងថាកំណើនភ្ញៀវបរទេសនឹងកាន់តែកើនឡើង។

ទោះជាយ៉ាងណាក៏ដោយ, សេចក្តីរាយការណ៍បានបង្ហាញការធ្លាក់ចុះនៃតួលេខដឹកជញ្ជូន តាមផ្លូវអាកាសទៅវិញ។

មន្ត្រីនាំពាក្យដដែលបានបញ្ជាក់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានចំនួនជាង៣ ម៉ឺន ៤ពាន់៨៨១តោន ដែលថយចុះជាង ១០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។

ads banner