លោក វីដូដូ៖ ឥណ្ឌូនេស៊ីមានស្តុកអង្ករគ្រប់គ្រាន់ ចំពេលតម្លៃហក់ឡើងខ្ពស់

ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅថ្ងៃទី១១ ខែកញ្ញាថា ប្រទេសឥណ្ឌូនេស៊ីមានស្តុកអង្ករគ្រប់គ្រាន់នៅក្នុងស្រុក បើទោះជាមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈតម្លៃអង្ករបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារគ្រោះរាំងស្ងួត និងការធ្លាក់ចុះទិន្នផល។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកមានស្តុកអង្ករចំនួន ១.៦លានតោនដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងឃ្លាំង ខណៈការនាំចូលដើម្បីផ្គត់ផ្គង់បន្ថែម ៤០០,០០០តោនទៀតកំពុងត្រូវបានដឹកជញ្ជូន។

លោក វីដូដូ បាននិយាយយ៉ាងដូច្នេះថា ជាធម្មតា យើងមានអង្ករក្នុងស្តុកត្រឹមតែ ១.២លានតោនប៉ុណ្ណោះ តែឥឡូវនេះយើងមាន ២លានតោនបន្ថែមទៀត ដូច្នេះយើងមិនបាច់ព្រួយបារម្ភទេ។ លោក វីដូដូ បានថ្លែងបែបនេះ បន្ទាប់ពីបានចុះទស្សនកិច្ចឃ្លាំងអង្ករ ដែលគ្រប់គ្រងដោយក្រុមហ៊ុនលទ្ធកម្មអាហាររដ្ឋ Bulog ក្នុងទីក្រុងបូហ្គោ ជិតរដ្ឋធានីហ្សាការតា របស់ប្រទេសឥណ្ឌូនេស៊ី។

ទីភ្នាក់ងារស្បៀងអាហារជាតិបានប៉ាន់ប្រមាណថា គ្រោះរាំងស្ងួតនៅតាមផ្នែកខ្លះនៃប្រទេសត្រូពិច ដែលកាន់តែអាក្រក់ទៅៗដោយសារបាតុភូតអាកាសធាតុអែលនីណូ អាចកាត់បន្ថយទិន្នផលស្រូវពី ៥ ទៅ ៧ភាគរយនៅឆ្នាំ ២០២៣ ពី ៣១.៥៤លានតោនក្នុងឆ្នាំ ២០២២៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner