ទិវាអន្តរជាតិ ជនជាតិភាគតិចលើកទី២៩ និងទី១៩ នៅកម្ពុជា(កួយ) នៅភូមិជ្រាប់ចាស់ និងជ្រាប់ថ្មី ក្នុងស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ យុវជន ជាជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច ៩សីហា ២០២៣ ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និង ទី១៩ នៃកម្មវិធីដែលបានរៀបចំឡើង នៅភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែលមានជនជាតិដើមភាគតិចមួយក្រុម គឺជាជនជាតិភាគតិចកួយរស់នៅ ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ដែលផ្តល់ឱកាស និងទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិច ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន គឺគោលបំណងចូលរួមយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។ នៅក្នុងភូមិជ្រាប់ថ្មី មានចំនួន ១៩៨គ្រួសារ មនុស្សរាយចំនួន ៧៦៥នាក់ ស្ត្រីចំនួន ៤០០នាក់ និងភូមិជ្រាប់ចាស់មានចំនួន ២២៥គ្រួសារ សរុបទាំងពីរភូមិមានចំនួន ៤២៨គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែចម្ការ ។

លោកស្រី សោម សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣នេះ អង្គការសហប្រជាជាតិបានលើកយកប្រធានបទរួមមួយ គឺយុវជន ជនជាតិដើមភាគតិចតិច ជាតួអង្គនៃការផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច ។

ប្រធានបទនេះពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងភាសាដ៏ផូរផង់របស់បងប្អូនជនជាតិដើមភាគតិច ធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានា តាមរយៈការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសនិងលើកកម្ពស់សិទ្ធិសេរីភាពសេដ្ឋកិច្ចសង្គម និងវប្បធម៌ និងការបញ្ចេញមតិយោបល់ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈគម្រោងអភិវឌ្ឍន៍នានា។

លោក លី សុវណ្ណារិទ្ធិ បានសំណូមពរមួយចំនួនទៅកាន់ពុកម៉ែបងប្អូនដែលជាជនជាតិដើមភាគតិច សុំឲ្យចូលរួមអនុវត្តនូវសិទ្ធិរបស់ខ្លួន និងមានមោទកភាពចំពោះខ្លួនឯង ដែលជាជនជាតិដើមភាគតិចកួយ បន្តជំរុញកូនចៅឲ្យទទួលនូវការអប់រំ និងរៀនសូត្រពេញមួយជីវិត ដើម្បីឲ្យពួកគេជាអ្នកបន្តវេនប្រកបដោយប្រសិទ្ធភាព នាពេលអនាគតស្របទៅនឹងប្រធានបទនៃទិវាឆ្នាំនេះ បន្តបង្រៀនកូនចៅពីចំណេះដឹងជនជាតិដើមភាគតិចដើម្បីនិរន្តរភាពនៃចំណេះដឹងរបស់ដូនតា ៕

ដោយ ៖ ឃិន គន្ធា

ads banner