ឯកអគ្គរាជទូតជប៉ុនកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុងតំបន់ និងពិភពលោក
ភ្នំពេញ៖ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុងតំបន់ និងពិភពលោក តាមទស្សនៈ «មិនយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាម» និង«យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព»។ ការកោតសរសើរនេះ នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា។
សម្តេចតេជោបានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៊ូអ៊ិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នៅក្នុងជំនួបនេះ សម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជាផលប្រយោជន៍របស់ប្រជាជននិងប្រទេសកម្ពុជា។ សម្ដេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរូ (Takeshita Noboru) រហូតដល់ ឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។

ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវសារអបអរសាទរដោយផ្ទាល់ពីឯកឧត្ដម ហ្វូមីយូ គីស៊ីដា ជូន សម្តេចតេជោ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកឧត្ដម ហ្វូមីយូ គីស៊ីដា ក៏បានប្ដេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល៧០ឆ្នាំ ប្រទេសទាំងពីរបានទទួលនូវផលប្រយោជន៍ទៅវិញទៅមកយ៉ាងច្រើន ជាពិសេសកម្ពុជាទទួលបានការស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធ ទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែសមុទ្រខេត្តព្រះសីហនុ ជាដើម។ ឯកឧត្តម ឯកអគ្គរាជទូតក៏បានជម្រាបជូនអំពីផែនការសម្ពោធរោងចក្រតម្លើងរថយន្ត Toyota (CKD) នៅឆ្នាំ២០២៤៕
ដោយ៖ពលជ័យ
រូបភាព៖តេឡេក្រាមសម្តេចតេជោ ហ៊ុន សែន




