រមណីយដ្ឋានហ្លួងព្រះស្ដេចកន នឹងជួយបង្កើនទេសចរក្នុងខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ អ្នកជំនាញប្រវត្តិសាស្ត្រ និងអ្នកជំនាញទេសចរណ៍រំពឹងថា ការរៀបចំរបស់អាជ្ញាធរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកន ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រនេះ នឹងជំរុញឱ្យមានកំណើនទេសចរក្នុងខេត្ត និងផ្ដល់និរន្តរភាពក្នុងវិស័យនេះផងដែរ។
លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញាថា នៅក្នុងខេត្តនីមួយៗត្រូវតែបង្កើតទីតាំងថ្មីៗដើម្បីឱ្យមាននូវចរន្តទេសចរនិងបង្កើតគោលដៅដែលជាកន្លែងនៃការចងចាំសម្រាប់មហាជនទូទាំងប្រទេស។

លោកបន្តថា នៅក្នុងខេត្តត្បូងឃ្មុំ បើនិយាយពីប្រវត្តិសាស្ត្រ គឺមានទីតាំងមួយដែលជាកន្លែងបន្ទាយ និងវាំងរបស់ហ្លួងព្រះស្ដេចកន ហើយដើម្បីឱ្យមហាជនបានស្គាល់ បានដឹង អាជ្ញាធរត្រូវបង្កើតឱ្យមានសកម្មភាព ដូចជាបង្កើតឱ្យមានពិធីបុណ្យអុំទូក ការជួបជុំទូទាំងខេត្តក្នុងពិធីវប្បធម៌ ឬសាសនា ជាដើម។
ការបង្កើតឱ្យទៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនៅទីនោះ គឺជាលក្ខណៈសំខាន់ ដោយសារទីនោះគឺជាកន្លែងរៀបចំឡើងនៅសតវត្សរ៍ទី១៦ នៅពេលដែលស្ដេចកនបានទទួលងារជាស្ដេច ហើយស្ដេចកន ក៏បានបង្កើតទីតាំងនៃរាជវាំង និងកសាងបន្ទាយដ៏រឹងមាំសម្រាប់សុខសន្តិភាពដល់ប្រជាជនទូទៅ។ នេះបើតាមការបន្ថែមពីលោក សំបូរ ម៉ាណ្ណារ៉ា។
លោក សំបូរ ម៉ាណ្ណារ៉ា ថ្លែងថា ៖ «អ៊ីចឹង! កន្លែងហ្នឹងគឺជាទីតាំងប្រវត្តិសាស្ត្រពិតប្រាកដហើយ ហើយខ្ញុំគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យទៅជាទីរមណីយដ្ឋានជាក់លាក់ច្បាស់លាស់ ឱ្យមនុស្សគ្រប់គ្នាហ្នឹង មានដំណើរទេសចរណ៍បែបយល់ដឹងពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍កម្សាន្តតាមរយៈការស្គាល់ទីតាំងដ៏សំខាន់នេះនៅខេត្តត្បូងឃ្មុំនេះ»។

លោកបន្ថែមថា នៅកម្ពុជា មិនមែនតែខេត្តត្បូងឃ្មុំនោះទេ ដែលមានរមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រ តែមានខេត្តជាច្រើនទៀត ដែលមានរមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រនេះ។
ដោយឡែក លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ក៏បានឱ្យដឹងដែរថា សម្រាប់វិស័យទេសចរណ៍ ការរៀបចំរមណីដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកនឱ្យកា្លយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្រ្ត គឺផ្ដល់ប្រយោជន៍ដល់អ្នកទេសចរបានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរមួយផងដែរ។
លោកលើកឡើងថា ៖ «រមណីយដ្ឋានប្រវត្តិសាស្ត្រ ផ្ដល់នូវចំណូលដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិបានយូរអង្វែង ដែលវាខុសពីរមណីយដ្ឋានកែច្នៃ វាមិនបានជួយដល់សេដ្ឋកិច្ចជាតិយើងឱ្យមាននិរន្តរភាពល្អទេ»។

អ្នកជំនាញទេសចរណ៍រូបនេះ បន្តថា ដូច្នេះការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រ ឱ្យមានភាពស្រស់បំព្រង ធម្មជាតិ អនាម័យល្អ វាបានផ្ដល់ផលចំណេញជានិរន្តរភាពសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។
លោក អឿន រិទ្ធ ប្រធានមន្ទីរទសចរណ៍ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា មកកម្សាន្តនៅតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនឱ្យបានច្រើនកុះករផងដែរ។
លោកបានលើកឡើង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តហ្លួងព្រះសេ្តចកន ជាអតីតរាជធានីនៃអំឡុងពេលមុនអង្គរ ហើយរមណីយដ្ឋាននេះ មានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២.៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយអង្គមានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់តម្កល់ក្នុងព្រះប្រាសាទនោះ៕ ដោយ៖ ជា សុខនី