អាល្លឺម៉ង់នឹងមិនធ្វើការផ្គត់ផ្គង់គ្រាប់មីស៊ីលទៅកាន់ទីក្រុងកៀវ ទៅតាមការសម្រេចរបស់អាមេរិកនោះទេ
បែរឡាំង៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius)បានលើកឡើងថា ទីក្រុងបែរឡាំង(Berlin)នឹងមិនចាំបាច់ផ្គត់ផ្គង់គ្រាប់មីស៊ីលទៅកាន់ទីក្រុងកៀវ (Kyiv) ទៅតាមការសម្រេចរបស់សហរដ្ឋអាមេរិក ដែលថា អាមេរិកនឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS ទៅកាន់ប្រទេសអ៊ុយក្រែននាពេលខាងមុខនេះ។
លោក ភីស្តូរៀស បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ខូឡូញ (Cologne) ថា ៖ «អាល្លឺម៉ង់មិនទាន់មានជំហរជាក់លាក់នោះទេថាតើយើងនឹងសម្រេចផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់មីស៊ីលប្រភេទ Taurus ដែរឬក៏យ៉ាងណានោះទេ?»។ លោកបន្ថែមថា «ការផ្ដល់គ្រាប់មីស៊ីលនេះ មិនមែនសុទ្ធតែអាចធ្វើទៅបានដោយស្វ័យប្រវត្តិនោះទេ»។
គួរដឹងដែរថា ទីក្រុងគៀវបាននឹងកំពុងជំរុញទីក្រុងបែរឡាំង ឱ្យផ្គត់ផ្គង់គ្រាប់មីស៊ីលដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយជាង ៥០០ គីឡូម៉ែត្រ ហើយថែមទាំងអាចបាញ់បង្ហោះដោយយន្តហោះចម្បាំងទៀតផង។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលស៍ (Olaf Scholz) បានបញ្ជាក់ម្តងហើយម្តងទៀតថា ទីក្រុងបែរឡាំងនឹងធ្វើសកម្មភាពតាមរយៈការសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោនលើការដឹកជញ្ជូនអាវុធ។
កន្លងមក ប្រទេសអង់គ្លេស និងបារាំងធ្លាប់បានផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់មីស៊ីលប្រភេត Storm Shadow និង Scalp ដែលមានលក្ខណៈស្រដៀងទៅនឹងគ្រាប់មីស៊ីលប្រភេទ Taurus នេះដែរ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបដិសេធមិនទាន់បញ្ជូនគ្រាប់មីស៊ីល ATACMS របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែននៅឡើយទេ បើទោះបីជាមានការស្នើសុំពីទីក្រុងគៀវជាច្រើនដងក៏ដោយ។
កាលពីចុងសប្តាហ៍មុន សារព័ត៌មាន ABC បានរាយការណ៍ថា សហរដ្ឋអាមេរិកទំនងជានឹងដឹកជញ្ជូនគ្រាប់មីស៊ីល ATACMS ទៅកាន់អ៊ុយក្រែននាពេលខាងមុខនេះ។ លោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានលើកឡើងនៅលើកម្មវិធីផ្ញើសារតេឡេក្រាម (Telegram) ថា ការពិភាក្សាជុំវិញគ្រាប់មីស៊ីល ATACMS កំពុងដំណើរការទៅមុខ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ដោយឡែក លោក ហ្សេលេនស្គី (Zelenskyy) បានប្រាប់ទៅកាន់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសមួយថា លោកគ្រោងនឹងដាក់សំណើម្តងទៀតទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) អំពីការផ្តល់គ្រាប់មីស៊ីល ATACMS ដល់អ៊ុយក្រែន ហើយលោកសង្ឃឹមថានឹងទទួលបានគ្រាប់មីស៊ីលទាំងអស់នោះនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។
គួរបញ្ជាក់ថា គ្រាប់មីស៊ីលប្រភេទនេះ ជាប្រភេទមីស៊ីលដែលរ៉ាដាការពារដែនអាកាស ពិបាកក្នុងការចាប់បានសញ្ញាខ្លាំងណាស់ ដោយសារតែវាមានសមត្ថភាពហោះក្នុងរយៈកម្ពស់ទាប។ ភាគច្រើន មីស៊ីលប្រភេទនេះត្រូវបានប្រើដើម្បីវាយលុកគោលដៅសំខាន់ៗរបស់សត្រូវ ជាពិសេសគោលដៅដែលមានទីតាំងស្ថិតនៅខាងក្រោយខ្សែត្រៀមជួរមុខ ដូចជាលេណដ្ឋានបញ្ជា ឃ្លាំងគ្រាប់រំសេវ អាកាសយានដ្ឋាន និងស្ពានជាដើម។
អស់ជាច្រើនខែមកនេះ រុស្ស៊ីបាននឹងកំពុងប្រើប្រាស់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីបាញ់កម្ទេចគោលដៅសំខាន់ៗនានានៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយអ៊ុយក្រែនហាក់មិនមានមធ្យោបាយណាមួយក្នុងការឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ីបែបនេះនៅឡើយទេ៕ ប្រែសម្រួល៖ ធា សុណា