ក្រសួងអប់រំ៖ ជនណាដែលប្រឡងជំនួស ឬបន្លំក្នុងការប្រឡង ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពីមួយលានរៀន ទៅប្រាំលានរៀន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានចេញប្រកាសស្តីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ។ក្នុងនោះបានកំណត់នូវទោសប្បញត្តិ និងពិន័យជាប្រាក់សម្រាប់អ្នកដែលបន្លំខ្លួនប្រឡងជំនួសបេក្ខជនផងដែរ។

យោងតាមប្រកាស ដែលមាន៦ជំពូក និង១៥មាត្រា និងចុះហត្ថលេខាដោយឯកឧត្តម ហង់ជួន ណារ៉ុន ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣បានបញ្ជាក់លំអិតពីទោសប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ធរមានថា ៖ «ជនណាដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡង ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១លានរៀន ទៅ៥លានរៀន»។ ករណីមិនរាងចាល សាមីខ្លួនត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍នេះ ហើយត្រូវព្យួរការប្រឡងសម្រាប់រយៈពេល២ឆ្នាំ ឬហាមឃាត់មិនឱ្យចុះឈ្មោះក្នុងបញ្ជីប្រឡងជាស្ថាពរផងដែរ។

ប្រកាសដដែលនេះក៏បានបញ្ជាក់ផងដែរថា ចំពោះជនដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡង ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

ទាក់ទងនឹងការកំណត់ទោសប្បញត្តិ និងពិន័យនេះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រាប់នៅថ្ងៃទី១២ ខែកញ្ញា ថា នេះជាអាណត្តិទី ៣ របស់រដ្ឋមន្ត្រីក្រសួងអប់រំដែលបានកំណែទម្រង់ចំពោះការក្រឡងមួយឱ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌ ពោល គឺអ្នកចេះ គឺជាប់។

លោកបានប្រាប់ថា ៖ «ដូច្នេះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគោរពបទបញ្ញត្តិដែលក្រសួងបានណែនាំ ជាពិសេសគ្រប់គណៈកម្មការគ្រប់គ្រងប្រឡងទាំងអស់ មានទាំងប្រធានមណ្ឌលប្រឡងជាដើម ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ»។

លោក ហែម ស៊ីណារ៉េត បានផ្តាំផ្ញើផងដែរថា សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជន ត្រូវខិតខំរៀនសូត្រដោយកុំរំពឹងលើការយកសំណៅឯកសារ ឬទូរសព្ទចូលក្នុងបន្ទប់ប្រឡងបាន ពីព្រោះវិធានការនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនៅតាមមណ្ឌលប្រឡងនីមួយៗ។ ដោយឡែកអាណាព្យាបាលក៏ត្រូវជំរុញការរៀនសូត្ររបស់កូនផ្ទាល់ខ្លួន ឱ្យបានច្រើន ដោយកុំរំពឹងថា មានការអន្តរាគមន៍ ឬក៏ស៊ូកប៉ាន់ផ្សេងៗឡើយ គឺមិនអាចទៅរួចនោះទ។

លោកថ្លែងថា ៖ «សូមឱ្យគាត់កុំពឹងលើចំណេះដឹងក្រៅខ្លួន សូមឱ្យគាត់ប្រឹងរៀន ព្រោះពេលវេលាក៏នៅយូរដែរ ហើយយើងត្រូវតែចូលរួមអនុវត្តតាមការណែនាំតាមបទប្បញ្ញត្តិរបស់ក្រសួងទាំងគ្រូ ទាំងសិស្ស អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ»។

ចំណែក អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់ដែរថា ករណីលួចប្រឡងជំនួស ឬបន្លំគ្រប់រូបភាព លោកស្រីសង្កេតឃើញថា លែងមានទៀតហើយ ហើយបើមានគឺដោយសារតែមានអ្នកពីខាងក្នុងបន្ទប់ប្រឡងឃុបឃិតឱ្យប្រឡងជំនួសបាន៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner