ម្ចាស់ជ័យលាភីណូបែលហ្វ៊ីលីពីនម្នាក់ បានរួចទោសក្នុងសំណុំរឿងគេចពន្ធ

ម៉ានីល៖ ម្ចាស់ជ័យលាភីណូបែលហ្វ៊ីលីពីនម្នាក់ លោកស្រី ម៉ារា រ៉េស្សា (Maria Ressa) និងគេហទំព័រព័ត៌មានរបស់អ្នកស្រីឈ្មោះថា Rappler ត្រូវបានតុលាការកាត់ទោសឱ្យរួចផុតពីការក្លែងបន្លំពន្ធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ នេះគឺជាជ័យជម្នះផ្លូវច្បាប់មួយទៀតរបស់លោកស្រី រ៉េស្សា ហើយក៏ជាការបង្ហាញឱ្យឃើញពីវឌ្ឍនភាពជាវិជ្ជមាននៃសេរីភាពសារព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី រ៉េស្សា គឺជាប្រធានក្រុមហ៊ុនសារព័ត៌មាន Rappler និងធ្លាប់បានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០២១ ជាមួយនឹងអ្នកកាសែតរុស្ស៊ីម្នាក់ទៀតផងដែរ។ សារព័ត៌មាន Rappler នេះត្រូវបានគេស្គាល់ថាជាសារព័ត៌មានដែលតែងតែបានរិះគន់អតីតប្រធានាធិបតីហ្វ៊ីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ (Rodrigo Duterte) ជាពិសេសយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក។

បន្ទាប់ពីសាលក្រមត្រូវបានប្រកាស លោកស្រី រ៉េស្សា បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការរួចទោសរបស់លោកស្រី គឺជាសញ្ញាវិជ្ជមានសម្រាប់សហគមន៍អាជីវកម្ម និងបង្ហាញពីសារៈសំខាន់នៃនីតិរដ្ឋនៅក្នុងករណីរឿងក្ដីពន្ធដារ។ លោកស្រីបានបញ្ជាក់ថា «សាលក្រមនេះបានពង្រឹងការប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយប្រព័ន្ធយុត្តិធម៌ បើទោះបីជាមានសម្ពាធនយោបាយ និងការគំរាមកំហែងដល់សេរីភាពសារព័ត៌មានក៏ដោយ»។

លោកស្រីបានបន្តថា ៖ «នេះជាការបង្ហាញថា ប្រព័ន្ធតុលាការរបស់យើងមានភាពយុត្តិធម៌។ យើងសង្ឃឹមថា ការចោទប្រកាន់ផ្សេងៗទៀតដែលនៅសល់នឹងត្រូវបានច្រានចោល»។ តាមពិតទៅ លោកស្រី រ៉េស្សា ត្រូវបានគេរំពឹងថានឹងរួចទោសស្រាប់ទៅហើយ ពោលគឺបន្ទាប់ពីលោកស្រីត្រូវបានជម្រះពីការរឿងក្ដីគេចពន្ធស្រដៀងគ្នានេះកាលពី ៩ ខែមុន។

គួរដឹងដែរថា ការចោទប្រកាន់ទាំងនោះកើតចេញពីការចោទប្រកាន់របស់រដ្ឋាភិបាលនៅឆ្នាំ២០១៨ ដែលបានចោទប្រកាន់លោកស្រី រ៉េស្សា និងស្ថាប័នព័ត៌មាន Rappler ថាបានគេចវេសពីការបង់ពន្ធ បន្ទាប់ពីខកខានមិនបានប្រកាសពីប្រាក់ចំណូលពីការលក់បង្កាន់ដៃប្រាក់បញ្ញើទៅឱ្យអ្នកវិនិយោគបរទេសក្នុងឆ្នាំ២០១៥។

បច្ចុប្បន្ន លោកស្រី រ៉េស្សា អាយុ ៥៩ឆ្នាំ កំពុងស្ថិតនៅក្រៅឃុំ ដោយសារតែក្នុងឆ្នាំ២០២០ លោកស្រីត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍តាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងករណីមួយ ក្នុងចំណោមករណីជាច្រើនទៀត ជាពិសេសការចេញផ្សាយព័ត៌មាននៅលើគេហទំព័រព័ត៌មានរបស់លោកស្រី។ គួរដឹងដែរថា បណ្ដឹងទាំងអស់នោះ សុទ្ធតែបានរៀបចំឡើងដោយភ្នាក់ងាររដ្ឋាភិបាល។ ហេតុនេះហើយ លោកស្រីតែងតែជឿថា ករណីទាំងនោះបានកើតឡើងដោយសារតែហេតុផលនយោបាយតែប៉ុណ្ណោះ។

លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) ដែលបានឡើងកាន់តំណែងអស់រយៈពេល ១៤ ខែមកហើយនោះបានលើកឡើងថាលោកនឹងមិនជ្រៀតជ្រែកក្នុងរឿងក្តីរបស់តុលាការប្រឆាំងនឹងសារព័ត៌មាន Rappler នោះទេ។ យ៉ាងណាក៏ដោយ ស្ថាប័ន Rappler នៅតែបើកដំណើរការធម្មតា ខណៈដែលកំពុងរង់ចាំលទ្ធផលនៃបណ្តឹងឧទ្ធរណ៍របស់ខ្លួនប្រឆាំងនឹងដីកាបិទស្ថាប័នពីនិយតករមូលបត្រ។

លោក ហ្វ្រានស៊ីស លីម (Francis Lim) មេធាវីម្នាក់ក្នុងចំណោមមេធាវីដទៃទៀតរបស់លោកស្រី រ៉េស្សា បាននិយាយថា ៖ «យើងសង្ឃឹមថាការរួចទោសចុងក្រោយនេះ នឹងនាំឱ្យមានការច្រានចោលសំណុំរឿងផ្សេងទៀតរួមទាំងដីកាបិទស្ថាប័នព័ត៌មានផងដែរ»។

គួរកត់សម្គាល់ថា សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់ប្រទេសហ្វ៊ីលីពីន ជាប់ចំណាត់ថ្នាក់លេខ ១៣២ ក្នុងចំណោម ១៨០ ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយមានភាពចម្រុះច្រើន ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងការវាយប្រហាររបស់រដ្ឋាភិបាល និងការបៀតបៀនអ្នកសារព័ត៌មាន ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង៕ ដោយ៖ ធា សុណា

ads banner