ឯកឧត្តម សុក ស៊ីផាន់ណា៖ សម្រាប់កម្ពុជាកិច្ចព្រមព្រៀង RCEP មានសក្តានុពលក្លាយទៅជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត

ភ្នំពេញ៖ ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានធ្វើការអត្ថាធិប្បាយថា៖ «កិច្ចព្រមព្រៀងអសិប RCEP នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយបន្ទាប់ពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក (World Trade Agreement: WTA)» និងមានវិសាលភាពពាណិជ្ជកម្មធំបំផុតក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជាកិច្ចព្រមព្រៀងនេះ មានសក្តានុពលក្លាយទៅជាប្រភពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត»។

ការធ្វើអត្ថាធិប្បាយនេះ ក្នុងឱកាសធ្វើបាឋកថាក្រោមប្រធានបទស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រ សេដ្ឋកិច្ច» នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បន្តថា កិច្ចព្រមព្រៀងនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ប្រកបដោយ និងបរិយាប័ន្ននៅកម្ពុជា និងក្នុងតំបន់។ លើសពីនេះ «អសិប-RCEP» ក៏ជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅកម្ពុជា និងក្នុងតំបន់។

ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យមានចំណាប់អារម្មណ៍ថា “អសិប-RCEP» គឺជាប្រធានបទស៊ីជម្រៅខ្លាំង និងមានវិសាលភាពធំ ដែលទាមទារការស្រាវជ្រាវរយៈពេលវែង ដើម្បីអាចធ្វើការពន្យល់ឱ្យបានក្បោះក្បាយហើយ ងាយយល់។ ឯកឧត្តមបានសម្តែងនូវភាពរីករាយនឹងការសម្រាយពន្យល់ជូនអ្នកចូលរួម ជាពិសេសអ្នកសារព័ត៌មាននាព្រឹកនេះ ព្រោះអ្នកសារព័ត៌មានចាំបាច់ត្រូវមានចំណេះដឹងពីប្រធានបទនេះ ដើម្បីមានលទ្ធភាពរៀបរៀងខ្លឹមសារព័ត៌មានត្រឹមត្រូវហើយងាយយល់ជូនសាធារណជន និងជាពិសេសផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ក្នុងគោលដៅទាក់ទាញការវិនិយោគនានាមកក្នុងប្រទេសយើង។

សូមជម្រាបថា បាឋកថានេះបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន តំណាងអង្គទូត ប្រចាំនៅកម្ពុជាមួយចំនួន អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន និងនិស្សិតថ្នាក់បណ្ឌិតនៃរាជបណ្ឌិតសភា លើប្រធានបទដ៏មានសារៈសំខាន់និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងនៅក្នុងថ្នាក់តំបន់និងអន្តរជាតិមួយនេះ ស្របនឹងកាលៈទេសដែលកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខដែរ។ ទន្ទឹមនឹងនេះដែរក្នុងក្របខណ្ឌក្រសួងព័ត៌មាន កម្មវិធី បាឋកថានាឱកាសនេះ គឺជាធាតុចូលមួយយ៉ាងសំខាន់គាំទ្រដល់ការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងព័ត៌មានដោយផ្តោតសំខាន់ លើការពង្រីកចំណេះដឹង និងការពង្រឹងសមត្ថភាពធនធានមនុស្ស។

ប្រធានបទនៃបាឋកថានាពេលនេះ មានសារៈសំខាន់ណាស់ដោយបានផ្តោតលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership: RCEP) ហៅកាត់ជាភាសាអង់គ្លេសថា «អសិប» បង្កើតឡើងដើម្បីឱ្យមានភាពងាយស្រួល និងមានភាពទូលំទូលាយ ក្នុងការនាំចេញផលិតផល ទំនិញ និងសេវាកម្មរបស់ប្រទេស ជាសមាជិកទៅកាន់តំបន់ផ្សេងទៀត។ ប្រទេសជាសមាជិករបស់អាសិបរួមមានប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី។

បាឋកថានាពេលនេះ បានបើកឱកាសដល់អ្នកសារព័ត៌មាន តំណាងអង្គទូត និស្សិតទាំងអស់ ក្នុងការស្វែងយល់និងបង្កើនចំណេះដឹងស្តីពីប្រធានបទដ៏មានសារៈសំខាន់មួយនេះ ដើម្បីជាមូលដ្ឋានដល់ការសរសេរ ពន្យល់ និងផ្សព្វផ្សាយបន្តឱ្យបានដល់ សាធារណជនទូទៅ រួមមាន ពាណិជ្ជករ អ្នកវិនិយោគ អាជីវករ និងក្រុមអ្នកប្រកបធុរៈកិច្ចទាំងក្នុងនិងក្រៅស្រុក៕
ដោយ៖ពលជ័យ
រូបភាព៖ ខឹម សុវណ្ណារ៉ា

ads banner