រដ្ឋមន្រ្តីក្រសួងផែនការ ស្នើឱ្យអង្គការយូនីសេហ្វ បន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងជំនួបនាដើមសប្តាហ៍នេះជាមួយនឹងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា, មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ បានស្នើតំណាងអង្គការនេះបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិលនិងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ រួមនឹងការបណ្តុះបណ្តាលមន្រ្តីផងដែរ។

ការស្នើឡើងរបស់ក្រសួងផែនការនេះ ត្រូវបានអង្គការធ្វើការលើអាហារូបត្ថម្ភសម្រាប់កុមារ និងស្រ្តី មានការសាទរ និងគាំទ្រចំពោះបញ្ហាដ៏សំខាន់នេះ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងនាទីស្តីការក្រសួងផែនការ រវាងឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោក Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) ព្រមទាំងសហការី។ នេះបើយោងតាមការប្រកាសតាមប្រភពហ្វេសប៊ុកក្រសួងផែនការ។

នាឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ បានលើកឡើងថា ៖ «សូមស្នើដល់យូនីសេហ្វ ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល និងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ និងបន្តគាំទ្រលើការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងផែនការ លើជំនាញត្រួតពិនិត្យ និងវាយតម្លៃផងដែរ»។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យអង្គការយូនីសេហ្វបន្តឧបត្ថម្ភ គាំទ្របច្ចេកទេសលើការងារប្រមូលទិន្នន័យនៅថ្នាក់ក្រោមជាតិ ជាពិសេសឧបត្ថម្ភគាំទ្រជាសម្ភារៈ (Tablet) បន្ថែម ដល់បណ្តាឃុំ សង្កាត់ទូទាំងប្រទេស និងមន្ទីរផែនការរាជធានីខេត្ត ពាក់ព័ន្ធនឹងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ។

ក្នុងជំនួបដដែលនោះដែរ លោក Will Parks ក៏បានលើកឡើងដោយបញ្ជាក់ក្នុងនាមជាតំណាងឱ្យអង្គការយូនីសេហ្វសន្យានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងអង្គការយូនីសេហ្វ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក Will Parks ក៏បានស្នើឯកឧត្តម ប៊ិន ត្រឈៃ ចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការយូនីសេហ្វ ដែលនឹងប្រព្រឹត្តទៅនាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដោយផ្តោតសំខាន់លើការរៀបចំផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត (២០២៤-២០២៨)។

សូមបញ្ជាក់ដែរថា ក្រសួងផែនការ និងអង្គការ UNICEFកន្លងមក មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ដោយខាងអង្គការUNICEF បានឧបត្ថម្ភគាំទ្រជាជំនួយបច្ចេកទេស លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការងារពាក់ព័ន្ធអាហារូបត្ថម្ភ និងគាំទ្រដល់ដំណើរការនៃការរៀបចំនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងកិច្ចការមួយចំនួនទៀត។

លោក ហ៊ូ ក្រើន ប្រធានអង្គការហេឡេន ខេល័រប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ដោយលោកស្វាគមន៍ និងចាត់ទុកថាការស្នើ និងការយកចិត្តទុកដាក់សុខភាពកុមារ និងស្រ្តី គឺជារឿងមួយដ៏ល្អ និងត្រឹមត្រូវ ព្រោះកន្លងមកនេះ កម្ពុជាមានការប្រឈមច្រើនចំពោះការត្រួតពិនិត្យលើអំបិលដែលមានបញ្ចូលជាតិអ៊ីយ៉ូដនេះ។

លោកបានថ្លែងថា ៖ «កន្លងទៅមានការត្រួតពិនិត្យពីអង្គការយូនីសេហ្វ នៅក្នុងឆ្នាំ២០១៨ ហើយក្រោមកទៀត ដោយសារមានបញ្ហាមួយចំនួនសម្រាប់វិស័យឯកជន នៅក្នុងការរកទិញសារធាតុអ៊ីយ៉ូដបញ្ចូលនៅក្នុងអំបិល។ អីចឹង! បានជាមានបញ្ហា ហើយចំណុចមួយទៀតកន្លងទៅ មានការក្លែងបន្លំ ដោយអំបិលខ្លះមានការដាក់ស្លាកជាអ៊ីយ៉ូដ ប៉ុន្តែពេលដែលធ្វើការត្រួតពិនិត្យអត់មានសារធាតុនេះ ហើយអំបិលខ្លះមានអ៊ីយ៉ូដដែរ តែអត់ត្រឹមត្រូវតាមស្តង់ដារ»។

បើតាម លោក ហ៊ូ ក្រើន ការស្នើសុំឱ្យអង្គការយូនីសេហ្វជួយធ្វើការត្រួតពិនិត្យទៅលើអំបិលនេះ គឺជារឿងសំខាន់ ដើម្បីធានាធ្វើយ៉ាងណាឱ្យអំបិលនៅក្នុងទីផ្សារ មានសារធាតុអ៊ីយ៉ូដ ទៅតាមស្តង់ដារត្រឹមត្រូវ ស្របតាមគោលនយោបាយ និងមានចែងនៅក្នុងអនុក្រឹត្យរបស់ក្រសួងផែនការក្នុងការបញ្ចូលសារធាតុអ៊ីយ៉ូដនៅក្នុងអំបិលនេះ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner