កម្ពុជា-អាមេរិក ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ជាពិសេសជាមួយរដ្ឋាភិបាលថ្មី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ជាពិសេសនៅក្នុងអាណត្តិរដ្ឋាភិបាលកម្ពុជាថ្មី ។ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈខិតខំធ្វើឱ្យទំនានក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរឡើង ដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។

ការប្តេជ្ញារវាងប្រទេសទាំងពីរនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ផាទ្រិច មួរហ្វី( W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅទីស្តីការក្រសួងយុត្តិធម៌កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញាថា រដ្ឋមន្ត្រីយុត្តិធម៌និងឯកអគ្គរដ្ឋទូតអាមេរិកបានសារទរចំពោះកិច្ចសហប្រតិបត្តិការជោគជ័យកន្លងមករវាងប្រទេសទាំង២ លើផ្នែកច្បាប់ ហើយភាគីទាំង២ បានពិភាក្សាបន្ថែមពីយន្តការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការនេះបន្តទៅទៀត ពិសេសភាគីទាំង២បានបង្ហាញសុឆន្ទៈរៀងៗខ្លួន។

អ្នកនាំពាក្យដដែលបន្តថា ៖ «ជាក្តីរំពឹង នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែប្រសើរឡើង ហើយពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌វិញ យើងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាច្រើន ដែលភាគីទាំង២ សង្ឃឹមថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀត»។

កន្លងមក កម្ពុជា និងសហរដ្ឋអាមេរិកបានសហការគ្នាលើបញ្ហានានាតួយ៉ាង ការទប់ស្កាត់បទល្មើសឆ្លងដែន ការជួយគ្នាទៅវិញទៅមកលើផ្នែកច្បាប់ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅកម្ពុជា និងការអនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ជិន ម៉ាលីន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ថា ជំនួបរវាងលោក Patrick Murphy និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ជាជំនួបសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ ដើម្បីជាឱកាសសម្រាប់កសាងសមត្ថភាពស្ថាប័ន និងការកសាងធនធានមនុស្សនៅកម្ពុជាក្នុងវិស័យនេះ ហើយក៏ជាឱកាសដើម្បីពន្យល់ និងបង្ហាញពីជំហរកម្ពុជាលើលទ្ធិប្រជាធិតេយ្យ និងសិទ្ធិមនុស្ស ទៅកាន់ភាគីអាមេរិកផងដែរ។

លោកបានប្រាប់ថា ៖ «ជំនួបរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជាមួយនឹងបណ្តារដ្ឋមន្រ្តីក្រសួងនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការស្តារទំនាក់ទំនងជាមួយកម្ពុជាផងដែរ»។

លោក ម៉េងដាវិត យល់ថា សហរដ្ឋអាមេរិកគួរតែមានជំនួបបែបនេះកាន់តែច្រើនជាមួយថ្នាក់ដឹកនាំកម្ពុជាដើម្បីបន្តស្វែងយល់កាន់តែច្បាស់ពីស្ថានភាពកម្ពុជាទាំងវប្បធម៌ អភិបាលកិច្ច ដំណើរច្បាប់ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាជាងពិនិត្យតែរបាយការណ៍មួយជ្រុងណាមួយ។

សម្រាប់លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ និងជាទីប្រឹក្សាច្បាប់ដល់អង្គការតម្លាភាពកម្ពុជា បានសម្តែងការសាទរចំពោះកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យច្បាប់ និងយុត្តិធម៌ ប៉ុន្តែលោកថា វាអាស្រ័យទៅលើសកម្មភាពជាក់ស្តែង និងអនុវត្តចំគោលដៅ ដើម្បីឱ្យវិស័យនេះប្រសើរឡើង ហើយចង់ឱ្យភាគីទាំង២បង្កើនការជជែកគ្នាទៅលើឧបសគ្គនៃការអនុវត្តច្បាប់រួមគ្នាកន្លងមក។

លោកបានថ្លែងថា ៖ «ខ្ញុំចង់ឱ្យសហរដ្ឋអាមេរិកជួយកម្ពុជាលើការពិនិត្យនិងវិសោធនកម្មនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ កែច្បាប់ឧត្តមក្រុមប្រឹក្សា និងធ្វើច្បាប់ភស្តុតាងនានាជាដើម»។

ស្រដៀងគ្នានេះ លោក កង ឫទ្ធិគីរី ជាមេធាវី និងជាសាស្រ្តាចារ្យផ្នែកច្បាប់ ព្រមទាំងជាអតីតមេធាវីតំណាងក្នុងសំណុំរឿង ០១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អវតក) វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ និងច្បាប់រវាងប្រទេសទាំងពីរ ដែលជាទិដ្ឋភាពវិជ្ជមាន ៕ សំបាន ច័ន្ទដារ៉ា

ads banner