រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម ឯកអគ្គរាជទូត និងសហការី ដែលបានផ្ញើសារអបអរសាទរ ជូនឯកឧត្តម ចំពោះការចូលកាន់ដំណែងថ្មីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីទំនាក់ទំនងមិត្តភាពដែលមានប្រវត្តិជាយូរលង់ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នៅលើវិស័យជាច្រើនរួមមាន៖ វិស័យសេដ្ឋកិច្ច  វិស័យសន្តិសុខ ការពារជាតិ វិស័យអប់រំ វប្បធម៌ និងសុខាភិបាល។ល។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍ការទូតលើកទី៧០ និងជាទំនាក់ទំនង ដែលត្រូវបានតម្លើងជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីប្រវត្តិ បេសសកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ពិសេសអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលដៅឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជ  រដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ដោយបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន  និងសង្គមឌីជីថល។

តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុន ឯកឧត្តមរដ្ឋមន្រ្តី បានលើកសំណូមពរមួយចំនួន រួមមាន៖ ១) ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន, ២) ស្នើ ទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដើម្បីសិក្សារៀនសូត្រ ដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នអធិការកិច្ចជប៉ុន, ៣) ស្នើ សម្របសម្រួលជាមួយអង្គការជប៉ុននានាដែលមានវត្តមាននៅប្រទេសកម្ពុជា រួមទាំងអង្គការ JICA ឱ្យជួយសហការជាមួយក្រសួង ក្នុងការផ្តល់ជំនួយបច្ចេកទេសលើវិស័យអធិការកិច្ច។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត រីករាយស្វាគមន៍ចំពោះសំណើខាងលើ និងទទួលការពាំនាំយកសំណើភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន នាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវសារជូនពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សមេ្តចធិបតី ថ្វាយ និងគោរពជូន ព្រះចៅអធិរាជ និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន នូវព្រះរាជសុខភាព និងសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុ និងជន្មាយុយឺនយូរ ព្រមទាំងជូនពរ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner