ស្ពានបេតុងខ្សែកាបកោះឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ

(ភ្នំពេញ)៖ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញខណៈដែលលោក និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនិងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍លើស្ពាននេះ ជាបណ្តោះ អាសន្នអបអរ សាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។

ឯកឧត្តម អភិបាលបន្តថា ការបើកឱ្យដំណើរការធ្វើបរាចរណ៍នៅស្ពានខាងលើនេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស . ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀតនៅចំណុចព្រែកប្រាឆ្លងទៅផ្លូវ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧ ប៉ុន្តែគម្រោងនេះ យើងកំពុងតែសិក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឡើយទេ។ តែជាជំហានដែលត្រូវអនុវត្ត យើងនិងរុះរើស្ពានបាឡេនៅខណ្ឌឬកែវ មកធ្វើស្ពាន នៅចំណុចព្រែកប្រាខាងលើនេះ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។

គួរបញ្ជាក់ថា៖ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្នបង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner