ក្រសួងមុខងារសាធារណៈ ពន្លឿនយន្តការសំខាន់ៗជាច្រើន ទាំងយន្តការស្ថាប័នក្នុងក្របខ័ណ្ឌក្រសួង និងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បាននឹងកំពុងពន្លឿនកិច្ចការងារ អាទិភាពជាច្រើនដោយមិនបង្អង់ដៃ តាមការបែងចែកតួនាទី និងភារកិច្ច និងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីជំរុញការងារ រៀបចំយន្តការស្ថាប័នក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈផង និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈជារួមផង។ ក្នុងនោះ កិច្ចប្រជុំជាច្រើន បានផ្តោតការគិតគូរលើកិច្ចការបទដ្ឋានគតិយុត្តិនានាដូចជា ការរៀបចំរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង បទដ្ឋាននានានៃលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល ជាដើម។

បន្ថែមលើនេះ កិច្ចការបច្ចេកទេសជាអាទិភាពមួយចំនួនទៀត ក៏កំពុងមានការញាប់ដៃញាប់ជើងដូចគ្នាដែរដូចជា ការសិក្សា និងរៀបចំថ្នាលឌីជីថលសម្រាប់ជ្រើសរើសមន្ត្រីរាជការស៊ីវិលតាមរយៈការប្រឡង ការសិក្សាលើប្រព័ន្ធគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ការរៀបចំបណ្តាញស្វែងរកការងារជាមន្ត្រីរាជការស៊ីវិល និងការរៀបចំធ្វើទំនើបកម្មវិស័យមុខងារសាធារណៈផ្សេងៗទៀត ដើម្បីផ្តល់ជូនសាធារណជននូវភាពងាយស្រួល មានសមភាព និងសង្គតិភាពក្នុងការទទួលបានសេវាសាធារណៈ ។

សូមជម្រាបផងដែរថា ក្រៅពីការងារប្រចាំថ្ងៃដ៏មមាញឹក ក្រសួងមុខងារសាធារណៈបាន និងកំពុងយកចិត្តទុកដាក់យ៉ាងមុតស្រួចលើការងារកំណែទម្រង់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រី ដោយក្នុងនោះ ក្រសួងបានដាក់ទិសដៅការងារសំខាន់ៗចំនួន៣ គឺ៖ (១)អនុវត្តចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី (២) ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព ខ្លាំង ស្អាតស្អំ ឆ្លាតដើម្បីកសាងជំនឿចិត្តពីមហាជនមកលើរាជរដ្ឋាភិបាល (ឆ្ពោះទៅឆ្នាំ២០២៨) និង(៣) ចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម ស្ថាប័នសាធារណៈ៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner