ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅលីប៊ី កើនឡើងជាង ៦,០០០នាក់
ដឺណា៖ ប្រទេសលីប៊ីកំពុងដុតដៃដុតជើងបញ្ចុះសពពលរដ្ឋរបស់ខ្លួន ខណៈដែលសាកសពជាច្រើនបានកកកុញនៅតាមដងផ្លូវនៃទីក្រុងឆ្នេរសមុទ្រ ឌើនណា ដែលទទួលរងការបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកទំនប់ទឹកចំនួនពីរ ធ្វើឱ្យបាក់ហូរហៀនាំយកផ្ទះសម្បែងចូលទៅក្នុងទឹកសមុទ្រ។
លោក Saadeddin Abdul Wakil ដែលជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនៃរដ្ឋាភិបាលរួបរួមនៅទីក្រុងទ្រីប៉ូលី បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៦,០០០នាក់ គិតត្រឹមព្រឹកថ្ងៃពុធទី១៤ ខែកញ្ញានេះ (ម៉ោងក្នុងតំបន់)។

អាជ្ញាធរបាននិយាយថា មនុស្សប្រហែល ១០,០០០នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន ហើយបើតាមរំពឹងទុកនោះ ពួកគេទាំងនោះទំនងជាត្រូវទឹកហូរនាំទៅក្នុងសមុទ្រ ឬត្រូវបានកប់នៅក្រោមគំនរបាក់បែកដែលរាយប៉ាយពាសពេញទីក្រុង ដែលមានប្រជាជនរស់នៅជាង ១០០,០០០នាក់មួយនេះ។
គិតមកទល់ពេលនេះ ក្រុមសង្គ្រោះបន្ទាន់កំពុងខិតខំស្វែងរកអ្នកនៅរស់រានមានជីវិត និងសាកសពនៅតាមគំនរកំទេចកំទី។ រដ្ឋមន្ត្រីក្រសួងកិច្ចការរដ្ឋរបស់ប្រទេសលីប៊ី លោក Adel Juma បាននិយាយថា គណៈកម្មាធិការទុក្ករបុគ្គលត្រូវបានបង្កើតឡើង ដើម្បីកំណត់អត្តសញ្ញាណអ្នកបាត់ខ្លួន និងដើម្បីអនុវត្តនីតិវិធីសម្រាប់កំណត់អត្តសញ្ញាណ និងការបញ្ចុះសពដោយអនុលោមតាមច្បាប់ និងស្តង់ដារច្បាប់។
សូមបញ្ជាក់ថា ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះ Daniel បានធ្វើឱ្យបេសកកម្មដ៏ធំសម្បើមមួយកាន់តែពិបាក សម្រាប់អ្នកជួយសង្គ្រោះដែលព្យាយាមសម្អាតផ្លូវ និងកម្ទេចកម្ទីដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕




ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា