ឯកឧត្តម ឌិត ទីណា ៖ តួនាទី និងភារកិច្ច ដែលប្រគល់ជូន គឺដើម្បីជួយឱ្យប្រជាកសិករឱ្យមានជីវភាពប្រសើរឡើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ។ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ច ដែលប្រគល់ជូន គឺដើម្បីជួយឱ្យប្រជាកសិករឱ្យមានជីវភាពប្រសើរឡើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ដូច្នេះត្រូវមានមោទនភាព និងយកចិត្តទុកដាក់សហការគ្នាល្អ ចុះមូលដ្ឋានធ្វើការសិក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់ពីបញ្ហាប្រឈម និងតម្រូវការពិតប្រាកដរបស់ប្រជាកសិករ និងជួយពួកគាត់ឱ្យទាន់ពេលវេលា ទៅតាមជំនាញ និងលទ្ធភាពប្រកបដោយឆន្ទៈ និងមនសិការពិតប្រាកដ។ ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងខ្សែច្រវាក់តម្លៃល្អ ដើម្បីជំរុញការនាំចេញ បង្កើនប្រាក់ចំណូល និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានបន្តចុះជួបប្រជាកសិករ ក្រុមអ្នកផលិត និងពិនិត្យស្ថានភាពស្រែជាក់ស្តែង។ ឯកឧត្តម ឌិត ទីណា គូសបញ្ជាក់ថា ជាគោលនយោបាយ គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល តាមរយៈការកសាងទំនុកចិត្ត ការបង្កើតបណ្តាញពូជសុទ្ធ ដើម្បីជួយដល់កសិករឱ្យមានទីផ្សារ បង្កើនការនាំចេញ ទទួលបានផលចំណេញទាំងអស់គ្នា។ នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យអាងទឹកត្រពាំងថ្ម និងឧបករណ៍នេសាទមួយចំនួនដែលរឹបអូសបានផងដែរ។

មុននឹងបញ្ចប់សកម្មភាព ឯកឧត្តមរដ្ឋមន្ត្រី រួមនឹងមន្ត្រីថ្នាក់ដឹកនំាក្រសួង បានចុះពិនិត្យច្រកព្រំដែនអន្តរជាតិបឹងត្រកួន និងស្ទឹងបត់ ដើម្បីពិនិត្យមើលពីស្ថានភាពពាណិជ្ជកម្មកសិផលរវាងប្រទេសកម្ពុជា និងថៃ ដែលផ្នែកមួយនៃចក្ខុវិស័យប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភាគពាយ័ព្យចំនួន៤ គឺពោធិ៍សាត់ ,បាត់ដំបង ,ប៉ៃលិន ,និងខេត្តបន្ទាយមានជ័យ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner