ទីផ្សារលក់គ្រំចំពុះទាឆ្នាំ២០២៣មានសន្ទុះកើនឡើង ខណៈការលក់ក្នុងស្រុកក៏កាន់តែមានតម្រូវការខ្ពស់ជាងមុន
(ខេត្តកោះកុង)៖មកដល់ដើមខែកញ្ញានេះរដូវការប្រមូលគ្រំចំពុះទា ឬ អ្នកស្រុកហៅថាខ្យងចំពុះទាជិតបិទបញ្ចប់ហើយ និងបើគិតពីបរិមាណនៃការលក់គ្រំចំពុះទានាឆ្នាំនេះបានប្រមាណជាង២៤០០តោន ដែលចំនួននេះកើនឡើង បើធៀបនឹងឆ្នាំ២០២២ការលក់ចេញមានត្រឹមតែជាង២០០០តោនបន្តិចបន្តួចប៉ុណ្ណោះ ។
សហគមន៍តំបន់ការពារធម្មជាតិ ពាម ក្រសោប ខេត្ត កោះកុង អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង ១ រដូវ ហើយជាទូទៅ សហគមន៍ អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុងបានឱ្យដឹងថាបើគិតមកដល់ជិតពាក់កណ្តាលខែកញ្ញានេះសន្ទុះនៃការលក់គ្រំចំពុះទាទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេសពិសេសប្រទេសថៃគឺមានការកើនឡើង។គិតមកដល់ពេលនេះបរិមាណលក់ចេញប្រមាណជាង២៤០០តោន។សម្រាប់ទីផ្សារឆ្នាំនេះដែរប្រទេសថៃបាននាំចេញប្រមាណ៧៥ភាគរយ ហើយការនាំទៅកាន់ប្រទេសនេះក្នុងមួយថ្ងៃប្រមាណ៥០ទៅ៦០តោន ឯប្រទេសវៀតណាមវិញកាលពីមុនមកនាំចេញគ្រំចំពុះទាក្នុងមួយថ្ងៃចាប់ពី១០តោនឡើងទៅ ប៉ុន្តែចាប់ពីជំងឺកូវីដ១៩រាតត្បាតមកឈ្នួញវៀតណាមលែងចុះមកទិញគ្រំចំពុះទាដូចកាលពីមុនទៀតហើយ។
លោក វង្ស តារា ដែលជាអ្នកចិញ្ចឹមគ្រំចំពុះទាមានឈ្មោះបោះសម្លេងមួយរូប និងជាអ្នកវេចខ្ចប់គ្រំចំពុះទាលក់ក្នុងស្រុកផងបញ្ជាក់ប្រាប់ថា៖”មកដល់ជិតពាក់កណ្តាល ខែ កញ្ញា ឆ្នាំ ២០២៣នេះការលក់គ្រំចំពុះទាបានប្រមាណជាង៨០ភាគរយហើយ ការប្រមូលផលនេះដែរគឺចុងដៃ ។យើងឃើញថាការគាំទ្ររបស់អតិថិជនក្នុងស្រុកបានកើនឡើងប្រមាណ២៥ភាគរយដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០-១៥ភាគរយប៉ុណ្ណោះ។ការលក់គ្រំចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋានជាដើមតែប៉ុណ្ណោះ។ពេលនេះគ្រំចំពុះទាដែលកែច្នៃរួចហើយលក់ចេញក្នុងមួយខែបានជិត២តោនបើគិតជាឆ្នាំនេះបានប្រមាណជិត២០តោនផងដែរ។

ដោយឡែក លោក វិ ឆេ ឈ្នួញកណ្តាលដែលនាំគ្រំចំពុះទា ទៅកាន់ទីផ្សារប្រទេសថៃបានឱ្យដឹងថា៖គ្រំចំពុះទាប្រទេសកម្ពុជាមានទីផ្សារល្អនៅប្រទេសថៃដោយសារសាច់វាទន់មានខ្លាញ់ និងសាច់ច្រើន។នៅទីនោះគេក៏ចូលចិត្តបរិភោគ។ជាទូទៅនៅរដូវប្រមូលផលការនាំាចេញទៅប្រទេសថៃក្នុងមួយថ្ងៃមិនទាបជាង៥០តោនទេ។
កញ្ញា ផល ចរិយា នាយិកាប្រតិបត្តិផ្សារស្នាដៃម៉ែបានឱ្យដឹងនាកន្លងមកថា៖ទីផ្សារគ្រំចំពុះទាមិនទាន់ទូលំទូលាយទេ តែយ៉ាងណាបច្ចុប្បន្នឃើញការលក់តាមទីផ្សារម៉ាក្រូ និងតាមភោជនីយដ្ឋានមានសន្ទុះកើនឡើង ហើយពលរដ្ឋក៏បានចាប់អារម្មណ៍មកបរិភោគច្រើនជាងមុនដែរ។

គួរបញ្ជាក់ថា៖គ្រំចំពុះទាត្រូវបានប្រជាសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះក្ុងចិញ្ចឹមតាមបែបធម្មជាតិតាមរយៈការបោះបង្គោលចំនួន ចាប់ពី១ពាន់ដល់ជាង១សែនបង្គោល នៅក្នុងផ្ទៃដៃទឹកសមុទ្រ។គ្រំប្រភេទនេះនឹងផ្តល់ផលចាប់ ពីខែវិច្ឆិកា ដល់ខែមិនា ជារៀងរាល់ឆ្នាំ។សម្រាប់់ គ្រំចំពុះទាស្រស់ទាំងសម្បកមានតម្លៃចន្លោះពី ១០០០ដល់ ២ ០០០ រៀល ក្នុងមួយ គីឡូក្រាម និងបកសម្បករួចមានតម្លៃ ៤០ ០០០-៦០ ០០០ រៀល ក្នុង ១ គីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះក្នុង មួយ គ្រួសារអាចរកចំណូលបានប្រមាណ ៤ពាន់ ទៅ៦ពាន់ ដុល្លារក្នុងមួយ ឆ្នាំទៀតផង៕


ដោយ៖ម៉ាដេប៉ូ