បណ្ឌិត គិន ភា៖ កម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ផ្កាចម្រុះពណ៌ ពោលគឺកម្ពុជា រក្សាឧត្តមប្រយោជន៍ជាតិ ជារឿងសំខាន់

(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជា តែងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ផ្កាចម្រុះពណ៌ ទាំងរាជរដ្ឋាភិបាលអាណត្តិមុន ក៏ដូចជារដ្ឋាភិបាលបច្ចុប្បន្ន ពោលនយោបាយការបរទេសរបស់យើង គឺរក្សាឧត្តមប្រយោជន៍ជាតិ ជារឿងសំខាន់ ខណៈអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន គឺជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផលប្រយោជន៍ជាតិ ។

លោកបណ្ឌិត គិន ភា បានលើកឡើងថា ក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥៣ បានកំណត់ច្បាស់អំពីក្របខណ្ឌនៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺគោលនយោបាយការបរទេសអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូច្នេះវត្តមានរបស់សម្ដេចធិបតី ទៅកាន់ប្រទេសចិន ក៏មិនបញ្ជាក់ថា យើងមានភាពផ្ដាច់មុខ នៃទំនាក់ទំនងរបស់យើងតែជាមួយប្រទេសចិននោះទេ គឺជានិច្ចកាល ទាំងរាជរដ្ឋាភិបាលអាណត្តិមុន ក៏ដូចជារដ្ឋាភិបាលបច្ចុប្បន្ន តែងប្រកាន់ខ្ជាប់គោលនយោបាយការបរទេសផ្កាចម្រុះពណ៌ ដែលយើងព្យាយាមធ្វើពិពិធកម្មការទូតរបស់យើងជាមួយបណ្ដាប្រទេសទាំងអស់ ហើយអ្វីដែលសំខាន់បំផុតនោះ ពោលនយោបាយការបរទេសរបស់យើង គឺរក្សាឧត្តមប្រយោជន៍ជាតិគឺជារឿងសំខាន់ គឺជាគោលបំណងដ៏ពិសិដ្ឋ។

លោកបណ្ឌិត បញ្ជាក់ថា ឧត្តមប្រយោជន៍ជាតិរបស់យើង គឺយើងចង់រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ ពង្រឹងតួនាទីរបស់កម្ពុជា នៅក្នុងកិច្ចការតំបន់ និងពិភពលោក ក៏ដូចជាការពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយកិច្ចការទាំងអស់នេះ រាជរដ្ឋាភិបាលអណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏លោករក្សាភ្ជាប់នូវឧត្តមប្រយោជន៍ស្នូលរបស់ជាតិនៅក្នុងការកំណត់យុទ្ធសាស្ត្រ ក៏ដូចជាគោលនយោបាយការបរទេស នៃព្រះរាជាណាចក្រកម្ពុជាយើង ។

ចំណែកឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូលបញ្ជាក់តាមរយៈបណ្តាញសង្គមថា ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន គឺជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផលប្រយោជន៍ជាតិ ។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា៖ ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ នេះគឺជាខ្លឹមសារមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលបញ្ជាក់ច្បាស់អំពីបន្ទាត់នយោបាយការបរទេសឥតប្រែប្រួលរបស់កម្ពុជា គឺជានយោបាយការបរទេសបែបចម្រុះពណ៌ដ៏សមស្របបំផុត សម្រាប់ស្ថានភាពជាក់ស្តែងរបស់កម្ពុជាក៏ដូចជាសមស្របទៅនឹងបរិបទពិភពលោក។

អ្នកនាំពាក្យបានបន្តថា៖ ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននេះ គឺជាជម្រើសសមស្របបំផុតបើគិតអំពីភូមិសាស្ត្រ និងផលប្រយោជន៍សេដ្ឋកិច្ច ពីព្រោះចិន គឺជាប្រទេសជិតខាងក្នុងតំបន់ ជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ សបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងស្អិតល្មួតរវាងប្រទេសនិងប្រជាជនទាំងពីរ។ ស្នូលនៃទំនាក់ទំនងដ៏ល្អនេះ គឺឈរលើស្មារតីមិត្តភាព ស្មើមុខមាត់គ្នា ផ្តល់តម្លៃឲ្យគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន មិនមែនមានន័យថា កម្ពុជា បោះបង់ប្រទេសដទៃនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា រីករាយស្វាគមន៍ និងរាប់អានមិត្តបរទេសគ្រប់ទិសទីដោយមិនប្រកាន់ថា ប្រទេសតូចឬធំ មានឬក្រឡើយ ពោល គឺកម្ពុជា ផ្តល់តម្លៃជាមិត្តភាពស្មើៗគ្នាជាមួយបណ្តាបរទេសទាំងអស់ក្នុងពិភពលោក និងក៏ប្រាថ្នាចង់បានមកវិញនូវការផ្តល់តម្លៃបែបនេះដូចគ្នាដែរពីសំណាក់មិត្តបរទេសក្នុងនាមជារដ្ឋអធិបតេយ្យមួយ ។ បច្ចុប្បន្ន ប្រទេសនានាក្នុងពិភពលោក សុទ្ធតែមានទំនាក់ទំនងជាមួយចិននិងប្រាថ្នាចង់ឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ កម្ពុជា ដែលជាប្រទេសតូចមួយក្នុងតំបន់ក្បែរខាងចិន ក៏ត្រូវពូនជ្រុំទំនាក់ទំនងល្អជាមួយចិន ដើម្បីផលប្រយោជន៍ នៃប្រទេស និងប្រជាជនទាំងពីរ។ នេះគឺជាជម្រើសដ៏ឆ្លាតវៃ និងសមស្របបំផុតសម្រាប់កម្ពុជានិងមិនធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រទេសណាមួយឡើយ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner