សហភាពអឺរ៉ុប ​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​ឧបត្ថម្ភធន​របស់​ចិន ​​​សម្រាប់​​ក្រុម​ហ៊ុន​​អ្នក​ផលិត​​​​រថយន្ត​អគ្គិសនី​

អឺរ៉ុប៖ សហភាព​អឺរ៉ុប​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​ឧបត្ថម្ភធន​របស់​ប្រទេស​ចិន​សម្រាប់​ក្រុមហ៊ុន​​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ថា​ ជំនួយ​បែប​នេះ​របស់​ចិន​កំពុង​ជះ​ផល​ប៉ះ​ពាល់​ដល់​ក្រុម​ហ៊ុន​អឺរ៉ុប​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្សេង​ៗ​ រួម​មាន​រ៉យទ័រ​។

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​ប្រាប់​សមាជិក​សភា​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធថា​៖ «​​ឥឡូវ​នេះ​ ទីផ្សារ​ពិភព​លោក​រង​ការ​ជោ​​រជន់​​ដោយ​រថយន្ត​អគ្គិសនី​របស់​ចិន​ ដែល​មាន​តម្លៃ​ថោក ​ហើយ​តម្លៃ​​​ឡាន​ទាំង​នោះ​នៅតែ​ថោក​ ដោយ​សារ​តែ​ការ​​​ឧបត្ថម្ភ​ធន​ធំ​ពី​រដ្ឋ​។ ​នេះ​​គឺ​ជា​​ការ​​បង្ខូច​​ទីផ្សារ​​របស់​​យើង​»។  

លោកស្រី​  វ៉ុនឌែរ ឡេយែន ​ថ្លែង​ទៀត​ថា​៖ «​ដោយ​សារ​តែ​យើង​មិន​ទទួល​យក​ការ​បង្ខូច​ទីផ្សារ​ទាំង​​ពី​ខាង​ក្នុង​ និង​ពី​ខាង​ក្រៅ​​​​ ​ខ្ញុំ​​អាច​​ប្រកាស​​នៅ​​ថ្ងៃ​​នេះ​​​ថា ​គណៈកម្មការ​​​​នឹង​​ចាប់​ផ្តើម​​ការ​​ស៊ើប​អង្កេត​​ប្រឆាំង​​នឹង​​ការ​​ឧបត្ថម្ភធន​​លើ​​រថយន្ត​​អគ្គិសនី​​ដែល​​មក​​ពី​​ប្រទេស​​ចិន​»​។

ការ​ស៊ើប​អង្កេត​នា​ពេល​​នេះ​របស់​សហភាព​អឺរ៉ុប ​គឺ​ជា​ករណី​កម្រិត​ខ្ពស់​បំផុត​ប្រឆាំង​នឹង​ប្រទេស​ចិន​ រាប់​ចាប់​តាំង​ពី​ការ​ស៊ើប​អង្កេត​របស់​ប្លុក​​លើ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​​ចិន​ ដែល​បញ្ចៀស​​សង្គ្រាម​ពាណិជ្ជកម្ម​​កាល​ពី​មួយ​​ទសវត្សរ៍​មុន​។​

​គណៈកម្មការ​នឹង​មាន​ពេល​រហូត​ដល់​ ១៣​ ខែ​ ដើម្បី​វាយ​តម្លៃ​ថា​តើ​ត្រូវ​ដាក់​ពន្ធលើ​រថយន្ត​​លើស​ពី​ស្តង់ដារ​ ១០ ភាគ​រយ​របស់​​ សហភាពអឺរ៉ុប ​​​ឬ​យ៉ាង​ណា​។

បើ​តាម​រ៉យទ័រ​ ​ការ​ស៊ើប​អង្កេត​​លើ​ការ​ឧបត្ថម្ភ​ធន​របស់​ចិន​ នឹង​គ្រប​ដណ្តប់​លើ​រថយន្ត​​អគ្គិសនី​ពី​​ចិន​ រួម​​មាន​ទាំ​ង​ម៉ាក​រថយន្ត​ដែល​មិន​មែន​ជា​របស់​ចិន​​ ប៉ុន្តែ​ផលិត​នៅ​ទីនោះ​ដូច​ជា​រថយន្ត​ Tesla រថយន្ត​ Renault ​និង​ BMW ជា​ដើម​។

ជំហាន​របស់​សហភាព​អឺរ៉ុប​នា​ពេល​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ គឺ​ជា​​ជ័យ​ជម្នះ​សម្រាប់​ប្រទេស​បារាំង​ ដែល​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ​ប្លុក​​នឹង​មាន​ភាព​យឺត​យ៉ាង​​​ក្នុង​​អំឡុងពេល​ «​​​​ការ​​ផ្លាស់​​ប្តូរ​​​​​បៃតង​»​ ដែល​សំដៅ​លើ​គោលនយោបាយ​ប្រកប​ដោយ​និរន្តរភាព​​ ​ប្រសិន​បើ​ខ្លួន​មិន​ក្អេង​ក្អាង​ពេល​​​ត្រូវ​ប្រឈម​មុខ​ជាមួយ​ចិន​លើ​បញ្ហា​នេះ​។

ទន្ទឹមនេះប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ រួម​ទាំង​ប្រទេស​អាល្លឺម៉ង់​  មាន​ការ​​ប្រុង​​ប្រយ័ត្ន​លើ​ការ​ប្រឆាំង​នឹង​ចិន​ ​ដោយ​សារ​តែ​ការ​ពឹង​ផ្អែក​លើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ​ ​ទោះ​បី​ជា​ទីក្រុង​ប៊ែរឡាំង​ បាន​ស្វាគមន៍​ការ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ពុធ​ក៏​ដោយ​។​

​គួរ​​បញ្ជាក់​ថា​ មេ​ដឹក​នាំ​របស់​​ចិន​ បាន​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ខ្លួន​​ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​យាន​ជំនិះ​អគ្គិសនី​ ដោយ​ការ​វិនិយោគ​ប្រាក់​ឧបត្ថម្ភធន​រាប់​​ប៊ីលាន​ដុល្លារ​ ដើម្បី​​​នាំ​មុខ​មុ​នគេ​​ក្នុង​ឧស្សាហកម្ម​​ដ៏​ជោគ​ជ័យ​មួយ​នេះ​។ ការណ៍​នេះ​ ធ្វើ​ឱ្យ​ក្រុ​មហ៊ុន​ផលិត​រថយន្ត​សកល​ ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​​តំបន់​របស់​ខ្លួន​​ ពី​ម៉ាក​យីហោ​ចិន​ដែល​កំពុង​ដណ្តើម​ចំណែក​ទីផ្សារ​៕

ប្រែសម្រួល៖ ហួន ឌីណា

ប្រភព៖ EU launches probes into Chinese subsidies for electric vehicles  

ads banner