កម្ពុជា និងបារាំង ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិរួមគ្នា លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងរបបសន្តិសុខសង្គម
ភ្នំពេញ៖តាមរយៈជំនួបត្រីភាគីរវាងតំណាងទូតបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)ភាគីបារាំង បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិស័យរបបសន្តិសុខសង្គម។
ការប្តេជ្ញានេះត្រូវបានធ្វើឡើងនាជំនួបរវាងលោក ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នាទីស្តីការក្រសួង ល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការនេះ ត្រូវបានថ្នាក់ដឹកនាំសហជីពឯករាជ្យបង្ហាញការគាំទ្រ ដែលវានឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរ ក្នុងការទទួលបាននូវការបណ្តុះបណ្តាលជំនាញផ្សេងៗ។
ក្រសួងការងារបានផ្សព្វផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលសាធារណរដ្ឋបារាំងនិងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)។
លោក ហ្សាក ប៉ឺលឡេ តាមរយៈក្រសួងការងារបានលើកឡើងថា ៖ «រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានា។ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម»។
ស្របជាមួយគ្នានោះដែរ លោកស្រី សង់ឌ្រីន ប៊ូស្សេ ក៏បានថ្លែងបញ្ជាក់ផងដែរពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និងប.ស.ស.។ លោកស្រីមានប្រសាសន៍ថា៖ «ទីភ្នាក់ងារ AFD ក៏មានគោលដៅសម្រាប់គម្រោងទំនើបភាវូបនីយកម្មរបស់ ប.ស.ស. ផងដែរ ដែលក្នុងនោះរួមមានការអភិវឌ្ឍនិងគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃ ប.ស.ស. ឱ្យស្របទៅនឹងការរីកចម្រើននៃវិស័យសន្តិសុខសង្គមក្នុងប្រទេសកម្ពុជា»។
ជាការឆ្លើយតប ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតបារាំង និងលោកស្រីនាយិកា AFD ដែលបានមកពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «កិច្ចសហប្រតិបត្តិការទាំងនេះក៏ស្របទៅនឹងអនុសាសន៍សំខាន់ៗមួយចំនួនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ទើបនឹងដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះផងដែរ»។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលបារាំង ពិសេសជាមួយគម្រោងរបស់ទីភ្នាក់ងារ AFD ដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាអតិបរមា។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញាថា ការគាំទ្ររបស់រដ្ឋាភិបាលបារាំងជាមួយក្រសួងការងារកម្ពុជា វាពិតជាល្អណាស់សម្រាប់យុវជន និងពលរដ្ឋខ្មែរ។ លោកថា ៖ «យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ អាចមានឱកាសកាន់តែច្រើន ក្នុងការទទួលបាននូវការបណ្តុះបណ្តាលជំនាញផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការ និងបង្កើនឱកាសការងារដល់យុវជន រីឯរបបសន្តិសុខសង្គម ខ្ញុំសង្ឃឹមថា តាមរយៈកិច្ចសហប្រតិការនេះ នឹងជួយឱ្យវិស័យមួយនេះ កាន់តែពង្រីកវិសាលភាពរបស់ខ្លួន គ្រប់ដណ្តប់ពលរដ្ឋទូទៅកាន់តែច្រើនថែមទៀត»។
ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏បានលើកឡើងដែរថា វាជាការល្អប្រសើរប្រសិនជាភាគីបារាំងនេះជួយលើកផ្នែកបច្ចេកទេស និងជួយជាធនធានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចឱ្យយុវជន ក៏ដូចជាប្រជាជនកម្ពុជាមានជំនាញច្រើនជាងមុន។
លោកបន្តថា តាមយើងមើលឃើញផែនការរបស់រាជរដ្ឋាភិបាលថ្មីនឹងបណ្តុះបណ្តាលជំនាញទៅដល់កម្មករនិយោជិក និងយុវជន រហូតដល់ជាង១,៥លាននាក់។ លោកគិតថាវាជាការចូលរួមចំណែកមួយផ្នែកពីខាងAFD លើកម្មវិធីនេះដែរ»៕

ដោយ៖ នាង សុគន្ធា