កីឡាករគុនខ្មែរ ម៉ានូ សិល្បៈ បង្ហាញឆន្ទៈចង់បាន ខ្សែក្រវាត់ គុនខ្មែរយកទៅប្រទេសនីហ្សេរីយ៉ា
ភ្នំពេញ៖ កីឡាករ ម៉ានូ សិល្បៈ បាន បង្ហាញឆន្ទៈចង់បានខ្សែក្រវាត់ គុនខ្មែរនាំយកទៅប្រទេសកំណើតខ្លួនដើម្បីផ្សព្វផ្សាយពីគុនខ្មែរ។
កីឡាករគុនខ្មែរ ម៉ានូ សិល្បៈ ជនជាតិនីហ្សេរីយ៉ា សញ្ជាតិខ្មែរ បាន បង្ហាញឆន្ទៈបែបនេះក្នុងពេលដែលការហ្វឹកនិងការប្រកួតប្រើប្រាស់តាមទម្ងង់គុនខ្មែរត្រឹមត្រូវ១០០ភាគ។

ម៉ានូ សិល្បៈ បាននិយាយថា បច្ចុប្បន្ននេះ រូបគាត់កំពុងតែក្រេប ជញ្ជក់ រៀនសូត្រក្បាច់គុនខ្មែរ និងប្រកួតដោយប្រើប្រាស់ក្បាច់គុនខ្មែរ បានប្រមាណជា៥០ភាគរយហើយ និង៥០ភាគរយទៀតអាចនឹង ហ្វឹក ហាត់យ៉ាងហោចណាស់ក៏ប្រើរយៈពេលប្រមាណពីមួយទៅពីរឆ្នាំទៀតដែរ។
ម៉ានូ សិល្បៈ បានបង្ហើបទៀតថា គោលដៅដែលលោកចូលហ្វឹក ហាត់គុនខ្មែរ និងប្រកួតគុនខ្មែរតំណាងឱ្យកម្ពុជាបានកើតឡើងពីការ ស្រឡាញ់ ព្រោះក្បាច់គុនខ្មែរ មិនមែនហាត់តែប្រកួតមួយមុខនោះទេ ពោល ការហ្វឹកហាត់គុនខ្មែរជួយធ្វើឱ្យគាត់មានសុខភាពល្អ កាត់បន្ថយ ការដើរសប្បាយផងដែរ។

ម៉ានូ សិល្បៈ បានបង្ហាញបំណងថា ការចំណាយ ពេលហ្វឹក ហាត់ គុនខ្មែរអស់រយៈពេល១៥ឆ្នាំនេះ គោលបំណងដែលលោក ចង់បាននោះ គឺចង់បានខ្សែក្រវាត់មួយដែលប្រកួតតំណាងឱ្យគុនខ្មែរ នាំយកទៅ ប្រទេស កំណើរគាត់ គឺប្រទេសនីហ្សេរីយ៉ា ដើម្បីបើកក្លិបគុនខ្មែរ នឹងដាក់ខ្សែក្រវាត់ដែលគាត់ប្រជែងដណ្តើមបាននោះឱ្យកីឡាករអាហ្វ្រិកដែលហ្វឹកហាត់គុនខ្មែរដណ្តើមដើម្បីជាចូលរួមចំណែកជួយផ្សព្វផ្សាយពីគុនខ្មែរ។
គួររំលឹកថា កីឡាករ ម៉ានូ សិល្បៈ បានចូលហ្វឹកហាត់គុនខ្មែរនៅ ក្នុងឆ្នាំ២០០៩ ប្រកួតបាន៧០លើកឈ្នះ៦៥លើក និងចាញ់៥លើក ។បច្ចុប្បន្ននេះ រាល់ពេលឡើងប្រកួត ម៉ានូ សិល្បៈ ប្រើក្បាច់គុនខ្មែរ បានប្រមាណជា៤០ទៅ៥០ភាគទេ ពោលចេញបាន តែជង្គង់ ខណៈដែលកែង និងក្បាច់ពិសេសៗមួយចំនួនទៀត ម៉ានូ សិល្បៈមិន ទាន់ប្រើបាននៅឡើយ៕ រូបភាព អត្ថបទ៖ជាវ ចន្ធូ
