ក្រសួងធនធានទឹក ប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ជនបទ ត្រូវសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ជនបទ និងតំបន់ដែលដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក ត្រូវសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់ក្នុងកម្រិតខ្ពស់ ខណៈឆ្នាំនេះរដូវរស្សាមានរយៈពេលលឿនជាងឆ្នាំមុន ដែលនឹងបញ្ចប់នៅចុងខែតុលាខាងមុខនេះ។

សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៣ ខែកញ្ញា ឱ្យដឹងថា នៅកម្ពុជា រដូវវស្សា ក្នុងខែកញ្ញាឆ្នាំនេះ ក្រសួងព្យាករណ៍ថា ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀងប្រមាណ៤០ ទៅ ៦០ ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។

ប្រភពដដែលបន្តថា នៅក្នុងខែតុលា និងខែវិច្ឆិកាខាងមុខនេះ ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយនិងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយមកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណពី ៣០ទៅ៤០ភាគរយ។ដូច្នេះការបញ្ចប់រដូវវស្សាឆ្នាំ២០២៣នេះ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២ ដែលធ្វើឱ្យតំបន់ខ្ពង់រាប នឹងបញ្ចប់រដូវវស្សានៅក្នុងសប្ដាហ៍ទី៣ នៃខែតុលា ហើយនិងធ្វើឱ្យតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងបញ្ចប់រដូវវស្សានៅក្នុងសប្តាហ៍ទី៤ នៃខែតុលា។

ក្រសួងធនធានទឹកបញ្ជាក់ទៀតថា៖ «យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក»។

តបទៅនឹងសេចក្តប្រកាសរបស់ក្រសួងធនធានទឹក លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញានេះថា ក្រោយពីទទួលព័ត៌មានពីក្រសួងធនធានទឹក អាជ្ញាធរខេត្ត ក៏ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ចុះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង ដើម្បីចូលរួមប្រើប្រាស់ដែលមាន ត្រូវសន្សំសំចៃ ដោយសារឆ្នាំនេះនៅរដូវវស្សា មានរយៈពេលលឿនជាងឆ្នាំមុនៗ ដែលនឹងធ្វើឱ្យចំនួនទឹកភ្លៀងដែលធ្លាក់មក មានចំនួនតិចតួចដែរ។ លោកបន្តថា ក្រៅពីការផ្សព្វផ្សាយ អាជ្ញាធរខេត្ត មានត្រៀមវិធានការរួចហើយដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតទឹកនៅតាមតំបន់ជនបទ ពីព្រោះខេត្តព្រះវិហារ បានសាងសង់ប្រព័ន្ធធារាសាស្ត្រច្រើននៅតាមតំបន់មូលដ្ឋាន ហើយថែមទាំងមានអាងស្ដុកទឹក «រក្សា» ដែលស្ថិតនៅលើដងស្ទឹងសែន សម្រាប់ទុកចែកជូន និងបើកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម និងកសិកម្មផងដែរ។

លោក ណុប វុធ្ធី បញ្ជាក់ថា៖ «នៅខាងខ្ញុំមិនមានការព្រួយបារម្ភចំពោះការខ្វះខាតទឹកនោះទេ ដោយសារយើងមានប្រភពទឹកជាច្រើន ហើយប្រសិនជាយើងមានការខ្វះខាត គឺយើងអាចបើកអាងស្ដុកទឹកហ្នឹងចែកចាយជូនប្រជាពលរដ្ឋយើងតែម្ដង»។

ចំណែកលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងដែរថា នៅរដូវនេះខេត្តបាត់ដំបង មានភ្លៀងហៀរហូរនៅគ្រប់តំបន់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។ក្រៅពីប្រជាពលរដ្ឋ ពឹងទៅលើទឹកភ្លៀងហើយ ក៏មានប្រព័ន្ធប្រឡាយទឹក អាងស្ដុកទឹក និងមានស្ទឹង បឹងជាច្រើនថែមទៀតផងដែរ។

លោកបានឱ្យដឹងទៀតថា ដូច្នេះអាជ្ញាធរខេត្តមិនមានការបារម្ភរឿងខ្វះខាតទឹកអ្វីនោះទេ ក៏ប៉ុន្តែទោះបី មិនខ្វះខាតទឹកប្រើប្រាស់ក៏ពិតមែន តែអាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយកុំខ្ជះខ្ជាយ។ លោកបញ្ជាក់ថា៖ «ជាទូទៅ រឿងខ្វះខាតទឹកស្អាតសម្រាប់ពិសារនេះ គឺយើងមិនមានការខ្វះខាតនោះទេ ប៉ុន្តែចំពោះការបង្កបង្កើនផលដំណាំស្រូវ មានកន្លែងខ្លះខ្វះទឹកមិនអាចស្រោចស្រពគ្រប់កន្លែងបាន។ អ៊ីចឹង! ឥឡូវយើងមានទឹកគ្រប់គ្រាន់ប្រើប្រាស់ ។ប៉ុន្តែយើងក៏ត្រូវចេះសន្សំសំចៃវាទុក្ខប្រើពេលក្រោយទៀតដែរ»៕ ដោយ៖ ជា សុខនី

ads banner