រុស្ស៊ី បង្ហាញការមិនពេញចិត្តតាមផ្លូវការទូតទៅកាន់ប្រទេសអាមេនី និងអាស៊ែបៃហ្សង់

មូស្គូ៖ កាលពីថ្ងៃពុធទី១៣ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថា ប្រទេសរុស្ស៊ីមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះប្រទេសអាស៊ែបៃហ្សង់ ជុំវិញការធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតថ្នាក់តំបន់កាលពីចុងសប្តាហ៍ដែលជាការបោះឆ្នោតធ្វើឡើងនៅតំបន់មួយនៃទឹកដីអ៊ុយក្រែនដែលទីក្រុងមូស្គូបានដណ្ដើមយកកាលពីឆ្នាំមុន។

លោកស្រីក៏បានចោទប្រកាន់ប្រទេសអាមេនីថា «ប្រទេសអាមេនីបានធ្វើសេចក្តីថ្លែងការណ៍ដែលមិនអាចទទួលយកបាន និងបង្កគ្រោះថ្នាក់ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ដំណោះស្រាយសន្តិភាពរវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ជុំវិញបញ្ហាជម្លោះទឹកដីតំបន់ណាហ្គោណូហ្ការ៉ាបាក (Nagorno-Karabakh)។

ការអត្ថាធិប្បាយរបស់លោកស្រី ហ្សាខារ៉ូវ៉ា បែបនេះ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងប្រទេសរុស្ស៊ីជាមួយប្រទេសទាំងពីរដែលតែងតែមានជម្លោះនឹងគ្នា ដោយធ្លាប់បានធ្វើសង្រ្គាមនឹងគ្នាចំនួនពីរលើករួចមកហើយក្នុងរយៈពេលបីទសវត្សរ៍មកនេះ រាប់ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។ ទីក្រុងម៉ូស្គូកំពុងព្យាយាមរក្សាជំហររបស់ខ្លួនជាអ្នកធានាសន្តិសុខនៅក្នុងតំបន់ ខណៈដែលខ្លួនកំពុងធ្វើសង្រ្គាមនៅលើទឹកដីអ៊ុយក្រែនទៀតផង។

កាលពីចុងសប្តាហ៍កន្លងទៅ អាស៊ែបៃហ្សង់ បានរិះគន់ការបោះឆ្នោតដែលធ្វើឡើងដោយរុស្ស៊ីនៅក្នុងតំបន់កាន់កាប់ចំនួនបួនដែលជាទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបានវាយប្រហារឈ្លានពានដណ្ដើមបានកាលពីឆ្នាំមុន។ អាស៊ែបៃហ្សង់បានហៅការបោះឆ្នោតទាំងនេះថាជាការបោះឆ្នោតក្លែងក្លាយ។

សេចក្តីថ្លែងការណ៍របស់អាស៊ែបៃហ្សង់បានបញ្ជាក់ថា ការបោះឆ្នោតរបស់រុស្ស៊ីជាការប្រព្រឹត្តទៅនៅក្នុងតំបន់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីរបស់អ៊ុយក្រែន ដូច្នេះហើយ ការបោះឆ្នោតនេះត្រូវបានចាត់ទុកជាមោឃៈ។ យ៉ាងណាក៏ដោយ លោកស្រី ហ្សាខារ៉ូវ៉ា បានប្រាប់អ្នកសារព័ត៌មានថា «រុស្ស៊ីបានធ្វើការតវ៉ាផ្នែកការទូត ដោយសារតែការអត្ថាធិប្បាយរបស់អាស៊ែបៃហ្សង់ ពិតជាមិនអាចទទួលយកបាន និងមិនឆ្លើយតបទៅនឹងភាពជាសម្ព័ន្ធមិត្តនៃទំនាក់ទំនងរវាងប្រទេសរបស់យើងនោះទេ»។

លោកស្រីបានបន្ថែមថា «រដ្ឋាភិបាលទីក្រុងបាគូ គួរតែគោរពនូវបូរណភាពទឹកដីរបស់ប្រទេសរុស្ស៊ី ឱ្យដូចទៅនឹងការដែលរដ្ឋាភិបាលទីក្រុងបាគូចង់ឱ្យរុស្ស៊ីគោរពបូរណភាពទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ដូចគ្នា»។

ប៉ុន្មានសប្ដាហ៍មកនេះ ភាពតានតឹងរវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានកើនឡើងកាន់តែខ្លាំង ដោយភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបង្កើនការប្រមូលផ្ដុំកងទ័ពនៅជិតព្រំដែនរបស់ពួកគេ។ ទន្ទឹមនឹងនេះ អាមេនីបានចោទប្រកាន់រុស្ស៊ីថា រុស្ស៊ីមិនបានជួយការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់អាស៊ែបៃហ្សង់នោះទេ។ គួរបញ្ជាក់ថា រុស្ស៊ីបានដាក់កម្លាំងរក្សាសន្តិភាពនៅក្នុងតំបន់មានជម្លោះ ចាប់តាំងពីមានសង្រ្គាមលើកចុងក្រោយក្នុងឆ្នាំ២០២០ មកម្ល៉េះ។

លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា «សេចក្តីថ្លែងការណ៍របស់ប្រទេសអាមេនីនាពេលថ្មីៗនេះ មានចរិតចង់បង្កបញ្ហា ហើយកំពុងធ្វើឱ្យខូចដល់ដំណើរការសន្តិភាពនៅតំបន់ណាហ្គោណូហ្ការ៉ាបាក»។ តំបន់នេះត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីរបស់ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែភាគច្រើននៃប្រជាជនដែលរស់នៅទីនោះ ជាជនជាតិអាមីនីដែលបានបំបែកចេញពីទីក្រុងបាគូ អំឡុងពេលសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ១៩៩០៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner