ឥណ្ឌូណេស៊ី ទិញនាវាសង្គ្រោះនាវាមុជទឹករបស់អង់គ្លេស ក្នុងតម្លៃ ១០០ លានដុល្លារអាមេរិក

ហ្សាការតា៖ នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ក្រសួងការពារជាតិឥណ្ឌូណេស៊ីបានប្រកាសថា ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនាវាសង្គ្រោះនាវាមុជទឹកក្នុងតម្លៃ ១០០ លានដុល្លារអាមេរិកពីក្រុមហ៊ុនអង់គ្លេសមួយ។ នេះគឺជាការវិវត្តចុងក្រោយបង្អស់របស់ឥណ្ឌូណេស៊ីដែលកំពុងព្យាយាមធ្វើទំនើបកម្មយុទ្ធភណ្ឌយោធាចាស់ៗរបស់ខ្លួន។

កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ត្រូវបានធ្វើឡើងនៅអំឡុងពេលតាំងពិព័រណ៍ការពារជាតិនៅទីក្រុងឡុងដ៍ ដោយក្រុមហ៊ុនដៃគូរបស់ក្រសួងការពារជាតិឥណ្ឌូណេស៊ី ឈ្មោះថា PT BTI Indo Tekno ដែលជាក្រុមហ៊ុនផលិតនាវាមុជទឹក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់របស់ពួកគេនៅទីនោះតែម្ដង។

ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានធ្វើការទិញគ្រឿងយុទ្ធភណ្ឌយោធាសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។ ទាំងនោះរួមមាន យន្តហោះចម្បាំងប្រភេទ Dassault Rafale ចំនួន ៤២ គ្រឿងដែលមានតម្លៃ ៨,១ ប៊ីលានដុល្លារ យន្តហោះគ្មានមនុស្សបើកចំនួន ១២ គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍តួកគីក្នុងតម្លៃ ៣០០ លានដុល្លារ និងយន្តហោះចម្បាំងមួយទឹកប្រភេទ Mirage 2000-5 ចំនួន ១២ គ្រឿងដែលមានតម្លៃ ៨០០ លានដុល្លារ។

កាលពីខែកក្កដា ប្រធានាធិបតី លោក ចូកូ វីដូដូ (Joko Widodo) បានដាស់តឿនគណៈរដ្ឋមន្ត្រីរបស់លោក ឱ្យចាត់ចែងថវិកាឱ្យបានល្អ ព្រោះភ្នាក់ងារសន្តិសុខរួមទាំងក្រសួងការពារជាតិបានចំណាយប្រាក់យ៉ាងច្រើនខ្លាំងណាស់ក្នុងមួយរយៈពេលចុងក្រោយនេះ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ីបានត្រៀមថវិកាចំនួន ៨,៧៤ ប៊ីលានដុល្លារ សម្រាប់វិស័យការពារជាតិ ដែលជាចំណែកដ៏ធំបំផុតនៃថវិកាជាតិរបស់ឥណ្ឌូណេស៊ី។

គួរដឹងដែរថា នាវាមុជទឹករបស់អង់គ្លេសនេះ ត្រូវបានសាងសង់ឡើងសម្រាប់ការជួយសង្គ្រោះរហ័ស ដែលមានសមត្ថភាពផ្ទុកមនុស្សបាន ៥០ នាក់ និងអាចដឹកជញ្ជូនតាមយន្តហោះបាន ហើយនាវាមុជទឹកនេះផងដែរ នឹងត្រូវបានដឹកជញ្ជូនដោយនាវាមេធំមួយទៀតរបស់វា នេះបើយោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិ។

គួររំឭកថា កាលពីឆ្នាំ២០២១ នាវាមុជទឹកមួយក្នុងចំណោមនាវាមុជទឹកជាច្រើនទៀតរបស់ប្រទេសឥណ្ឌូណេស៊ី បានលិចកំឡុងពេលធ្វើសមយុទ្ធ ហើយនៅពេលនោះ ពួកគេមិនមាននាវាជួយសង្គ្រោះនោះទេ ដែលជាហេតុបណ្តាលឱ្យមានការបាត់បង់សមាជិកនាវិកចំនួន ៥៣ នាក់យ៉ាងសោកនាដកម្ម។ ក្រសួងការពារជាតិឥណ្ឌូណេស៊ីបានលើកឡើងថា «នេះគឺជាផ្នែកមួយនៃបេសកកម្មរបស់រដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូប៊ានតូ (Prabowo Subianto) ដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី»។

យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកខុល (SIPRI) សម្រាប់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ការចំណាយលើវិស័យការពារជាតិរបស់ឥណ្ឌូណេស៊ីធៀបនឹងភាគរយនៃផលិតផលក្នុងស្រុកសរុប គឺនៅមានកម្រិតទាបខ្លាំងណាស់បើធៀបទៅនឹងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើនទាំង ៦ ប្រទេសរបស់អាស៊ីអាគ្នេយ៍៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner