កងទ័ពរំដោះប្រជាជនចិន និងសម្ភារសម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា បានមកដល់កម្ពុជាហើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ភារ និងកងទ័ពរំដោះប្រជាជនចិន សម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញានេះ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

បើតាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមចាត់ចែងទូទៅនៃសមយុទ្ធទេវតាសន្តិភាពថ្លែងនៅថ្ងៃទី១៤ ខែកញ្ញា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃទី១ដែលកងទ័ពរំដោះប្រជាជនចិនបានធ្វើដំណើរមកប្រទេសកម្ពុជាដែលមានចំនួន ២៦៩ នាក់ រួមជាមួយនឹងសម្ភារមួយចំនួនសម្រាប់ចូលរួមធ្វើសមយុទ្ធផងដែរ។សម្ភារដែលដឹកជញ្ជូនមកធ្វើសមយុទ្ធនេះរួមមាន រថយន្តសង្គ្រោះបីគ្រឿង និងសម្ភារបរិក្ខារសុខាភិបាលសម្ភារសង្គ្រោះចំនួន ១ ០០០ ឈុត។

ឯកឧត្តមបានថ្លែងថា លោកគិតថានេះជាការផ្លាស់ប្តូរបទពិសោធន៍យ៉ាងល្អរវាងកងទ័ពយើងទាំងពីរ ហើយសង្ឃឹមថាយើងនឹងសហការគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នា ហើយយើងនឹងយកបទពិសោធន៍ទាំងនេះមកបម្រើឱ្យប្រទេសទាំងពីរនេះផងដែរ។

ឯកឧត្តម ប៉ែន សុក្រឹត្យវិទ្យា ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា យោងតាមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលក្នុងនោះក៏មានវិស័យយោធាផងដែរ ដូចនេះលោកគិតថាសមយុទ្ធនេះក៏ជាចំណុចល្អមួយដែរដែលកម្ពុជា និងចិនសហការគ្នាលើវិស័យយោធារួមគ្នានេះ។

លោក ហួ ចាងអ៊ី នាយរងនាយកដ្ឋានសុខាភិបាលសកលវិទ្យាល័យសុខាភិបាលទ័ពអាកាស និងជាប្រធានកងទ័ពសុខាភិបាលចិនបានថ្លែងឱ្យដឹងនាព្រលានយន្តហោះអន្តរជាតិភ្នំពេញដែរថា លោកពិតជាមានក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសមយុទ្ធលើកដំបូងរវាងកងទ័ពចិន និងកងទ័ពកម្ពុជាដែលរៀបចំសមយុទ្ធសុខាភិបាលរួមគ្នានេះ។

លោកបានថ្លែងថា ៖ «ថ្ងៃនេះ កងទ័ពចិនប្រើជើងយន្តហោះ១២ជើង ដើម្បីដឹកជញ្ជូនកងកម្លាំង និងសម្ភារមកចូលរួមសមយុទ្ធក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងបំបែកឯកត្តកម្មនៃកងទ័ពរបស់យើងដែរ។ ជាងនេះទៅទៀត ចិន និងកម្ពុជា បានបង្កើតទំនាក់ទំនងកាទូតខួប៦៥ឆ្នាំជាមួយគ្នាផងដែរ ដែលយើងពិតជាមានក្តីសោមនស្សរីករាយដែលបានរៀបចំសមយុទ្ធសុខាភិបាលជាមួយនឹងកងយោធពលខេមរភូមិន្ទនាពេលនេះផងដែរ»។

លោក ហួ ចាងអ៊ី បានបញ្ជាក់បន្ថែមថា ភាគីចិនជឿជាក់ថា សមយុទ្ធលើកនេះប្រាកដជាទទួលបានជោគជ័យ១០០ភាគរយ ហើយនឹងជួយបង្កើននូវការពង្រឹង និងពង្រីកមិត្តកងទ័ពប្រទេសចិន និងកម្ពុជាកាន់តែរឹងមាំបន្ថែមទៀត។

សូមរំឮកផងដែរថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន រៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ ថ្ងៃបង្កើត ចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានធ្លាប់បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធសុខាភិបាលនេះ ប្រជាពលរដ្ឋទូទៅអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបានផងដែរ នៅថ្ងៃទី២២ និង២៣ ខែកញ្ញា នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប៕ ដោយ៖ នាង សុគន្ធា

ads banner