ក្រុងប៉េកាំងអះអាងពីការរកឃើញភ្នាក់ងារសន្តិសុខជាតិអាមេរិក ដែលនៅពីក្រោយការវាយប្រហារតាមអ៊ិនធឺណិតលើសាកលវិទ្យាល័យចិន
ប៉េកាំង៖ ប្រទេសចិនបានអះអាងថា ខ្លួនបានកំណត់អត្តសញ្ញាណភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដែលនៅពីក្រោយការវាយប្រហារតាមអ៊ិនធឺណិតនាពេលថ្មីៗនេះលើសាកលវិទ្យាល័យ Northwestern Polytechnical University ខណៈទីភ្នាក់ងារចារកម្ម និងប្រឆាំងចារកម្មកំពូលចិនបានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍ថា នឹងលុបបំបាត់ «អ្នកចារកម្មឌីជីថល» ទាំងអស់។ នេះបើតាមការរាយការណ៍របស់កាសែត South China Morning Post។
ការអះអាងនេះ ធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំងបានបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីលោក John Shing-wan Leung ដែលជាប្រជាជនហុងកុង កាន់សញ្ជាតិអាមេរិក ដែលចិនដាក់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទចារកម្មកាលពីខែឧសភាបន្ទាប់ពីលោកត្រូវបានចាប់ខ្លួនកាលពីពីរឆ្នាំមុន។
ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ផ្នែកមេរោគកុំព្យូទ័រជាតិរបស់ចិន (NCVERC) ដោយមានជំនួយពីក្រុមហ៊ុនកំចាត់មេរោគអ៊ិនធឺណិត 360 Total Security បានរកឃើញអត្តសញ្ញាណរបស់ភ្នាក់ងារសន្តិសុខជាតិ (NSA) ប្រតិបត្តិករម្នាក់ ឬប្រតិបត្តិករច្រើននាក់ បន្ទាប់ពីស៊ើបអង្កេតលើ «គំរូជាច្រើន» របស់កម្មវិធីសុសវែរ ស្ព៉ាយវែរ (spyware) ដែលមានឈ្មោះថា Second Date ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដដែល មិនបានបញ្ជាក់ចំនួនប្រតិបត្តិករ ឬឈ្មោះរបស់ពួកគេឱ្យជាក់លាក់នោះទេ។
CCTV បានផ្សាយថា Second Date ត្រូវបានគេប្រើក្នុងការវាយប្រហារតាមអ៊ីនធឺណិតនៅសាកលវិទ្យាល័យ Northwestern Polytechnical University ដែលអាមេរិកធ្លាប់ចោទប្រកាន់ថា ធ្វើការស្រាវជ្រាវផ្នែកយោធាឱ្យរដ្ឋាភិបាលចិន ។ ការវិភាគបច្ចេកទេស បានបង្ហាញថា ស្ព៉ាយវែរ ដដែលគឺជាអាវុធចារកម្មតាមអ៊ិនធឺណិតដែល NSAបង្កើតឡើងដើម្បីដាក់បញ្ចូលលេខកូដផ្ទុកវីរុសទៅក្នុងចរាចរណ៍អ៊ិនធឺណិត។
CCTV បានស្រង់សម្ដីរបស់វិស្វករជាន់ខ្ពស់នៅ NCVERC លោក Du Zhenhua ដែលបាននិយាយថា ស្ព៉ាយវែរគឺជាឧបករណ៍ចារកម្មអ៊ិនធឺណិតដ៏មានឥទ្ធិពល ដែលអាចឱ្យអ្នកវាយប្រហារគ្រប់គ្រងឧបករណ៍បណ្តាញគោលដៅ និងចរាចរទិន្នន័យដែលឆ្លងកាត់ឧបករណ៍បណ្តាញទាំងនោះ ហើយបន្ទាប់មកប្រើវាដើម្បីជាឈ្នាន់ក្នុងការវាយប្រហារដំណាក់កាលបន្ទាប់។
លោក Du បន្តថា ស្ព៉ាយវែរ អាចដំណើរការលើប្រព័ន្ធប្រតិបត្តិការផ្សេងៗផងដែរ ហើយវាតែងតែត្រូវបានគេប្រើប្រាស់ដោយភ្ជាប់ជាមួយនឹងឧបករណ៍វាយប្រហារនៃបណ្តាញផ្សេងៗពីអង្គភាពប្រតិបត្តិការបណ្ដាញកុំព្យូទ័ររបស់ NSA។
CCTV បានផ្សាយទៀតថា បន្ទាប់ពីការតាមដានជាសកល ក្រុមការងាររបស់ចិន បានរកឃើញ «ឧបករណ៍បណ្តាញរាប់ពាន់» នៅទូទាំងប្រទេស ដែលនៅតែឆ្លងមេរោគដោយស្ព៉ាយវែរ និងឧបករណ៍ចម្លងរបស់វា។ ក្រុមការងារក៏បានរកឃើញផងដែរ នូវម៉ាស៊ីនមេ (server) ដែលគ្រប់គ្រងពីចម្ងាយដោយ NSA នៅក្នុងប្រទេសអាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងតៃវ៉ាន់ជាដើម។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសន្តិសុខរដ្ឋចិនបាននិយាយថា ប្រទេសចិនបានក្លាយទៅជា «ជនរងគ្រោះដ៏ធំនៃការគំរាមកំហែងជាប្រចាំកម្រិតខ្ពស់តាមអ៊ីនធឺណិត» ហើយបានប្តេជ្ញាពង្រឹងការតាមដាន ការត្រួតពិនិត្យ និងការការពារចារកម្មតាមអ៊ីនធឺណិត និងការពារប្រកបដោយប្រសិទ្ធភាពនូវបណ្តាញសន្តិសុខរបស់ប្រទេសចិន។
គួរបញ្ជាក់ថា បញ្ហាអ៊ិនធឺណិត កំពុងក្លាយជាបញ្ហាប្រកួតប្រជែងខ្លាំងរវាងចិន និងអាមេរិក។ ថ្មីៗនេះ ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់ពួកហែកឃឺររបស់ចិន ថាបានបំពានលើគណនីអ៊ីមែលរបស់មន្ត្រីការទូតជាន់ខ្ពស់អាមេរិក។ ចំណែកឯចិនឯណោះវិញ បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកំណត់គោលដៅចារកម្ម ជាពិសេសពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ https://www.scmp.com/news/china/politics/article/3234492/beijing-says-it-uncovered-us-national-security-agency-operatives-behind-cyberattack-chinese?module=lead_hero_story&pgtype=homepage