សហរដ្ឋអាមេរិកថា នឹងសងសឹករុស្ស៊ីវិញ ជុំវិញការបណ្តេញមន្រ្តីទូតខ្លួនពីបទចារកម្ម

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែកញ្ញានេះ បានថ្កោលទោសរុស្ស៊ី ជុំវិញការបណ្តេញអ្នកការទូតអាមេរិកពីរនាក់ចេញពីការងាររបស់ពួកគេ រួមជាមួយនឹងអ្នកម៉ៅការស្ថានទូតម្នាក់ទៀត ហើយបានសន្យាថា នឹងចាត់វិធានការសងសឹងវិញឆាប់ៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ការបណ្តេញបុគ្គលិកការទូតរបស់យើងដោយមិនញញើតបែបនេះ គឺជាទង្វើមិនសមហេតុផល… យើងសោកស្តាយដែលរុស្ស៊ីដើរតាមផ្លូវនេះ ហើយអ្នកពិតជាដឹងហើយថា យើងនឹងឆ្លើយតបយ៉ាងសាកសមចំពោះសកម្មភាពរបស់ពួកគេ។

ការបញ្ចេញប្រតិកម្មរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងបណ្តេញបុគ្គលិកស្ថានទូតអាមេរិកពីរនាក់ ដែលមានទំនាក់ទំនងជាមួយលោក Robert Shonov អតីតបុគ្គលិកស្ថានកុលស៊ុលអាមេរិក ដែលត្រូវបានចោទប្រកាន់ដោយទីក្រុងមូស្គូថា បានធ្វើចារកម្ម។

បើតាមការចោទប្រកាន់របស់ក្រសួងការបរទេសរុស្ស៊ី អ្នកការទូតអាមេរិកពីរនាក់ គឺលោក Jeff Sillin និងលោក David Bernstein បានធ្វើសកម្មភាពខុសច្បាប់ដោយលួចទំនាក់ទំនងជាមួយពលរដ្ឋរុស្ស៊ី លោក Robert Shonov។

គួររម្លឹកថា លោក Robert Shonov ដែលធ្លាប់បម្រើការឱ្យស្ថានកុលស៊ុលអាមេរិកនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ត្រូវបានចោទប្រកាន់ពីបទបញ្ជូនព័ត៌មានអំពីជម្លោះនៅអ៊ុយក្រែន ទៅឱ្យអ្នកការទូតអាមេរិក ប៉ុន្តែការអះអាងនេះត្រូវបានសហរដ្ឋអាមេរិកច្រានចោល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner