រដ្ឋមន្ត្រីក្រសួងសាធារណការ ដាក់ចេញទិសដៅអាទិភាពចំនួន២ សម្រាប់អនុវត្តន៍ នៅក្នុងអាណត្តិថ្មីទី៧នេះ
បាត់ដំបង៖ ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងគូសបញ្ជាក់ថា៖ទិសដៅអាទិភាព ដែលក្រសួងសាធារណការនិងដឹកជញ្ជូន នឹងត្រូវបន្តអនុវត្តគឺមានអាទិភាពចម្បងៗចំនួន២ គឺ ៖ ទី១.បន្តលើកកម្ពស់សេវាដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាពគុណភាព លឿន រហ័សនិងស្អាតស្អំ។ និងទី២.បន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្ម ការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវដែកនិងផ្លូវទឹក ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំមន្ទីរសាធារណការ ។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដើម្បីឱ្យចក្ខុវិស័យ និងអាទិភាពចម្បងទាំង២ខាងលើអនុវត្តន៍ទៅបាន គឺក្រសួងមានយន្តការចម្បងចំនួន៤ រួមមាន ដូចជា៖ ១.ការពង្រឹងនូវប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស។២.ពិពិធកម្មនៃប្រភពធនធានថវិកាពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាព នៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍ និង ដៃគូវិនិយោគសាធារណៈ ព្រមទាំងពង្រឹងការងាររៀបចំផែនការថវិកា, អនុវត្តថវិកាកម្មវិធីនិងគំរោងវិនិយោគសាធារណៈ, ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ៣.ពង្រឹងការងារនីតិកម្មនិងកសាងបទដ្ឋានបច្ចេកទេស, ជំរុញរៀបចំគោលនយោបាយ បទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹង ភាពច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងការងារបច្ចេកទេស។ និងទី៤.ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ន និង ការផ្ដល់សេវារដ្ឋបាលសាធារណៈ ។
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានរំលេចអំពីយុទ្ធសាស្ត្របញ្ចកោណ នៃដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”។ ហើយដែលក្នុងនេះ ក្រសួងត្រូវយកចិត្តទុកដាក់ជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈជាដើម ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវសម្ភារ ភ្លើងសញ្ញា និងផ្លាកសញ្ញាសុវត្ថិភាព ការដ្ឋានផ្លូវថ្នល់ មានមួកការដ្ឋាន អាវចំណាំងផ្លាតនិងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )