អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបើកច្រកឆ្លងកាត់ព្រំដែនឡើងវិញមួយសប្តាហ៍ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ
កាប៊ុល៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មាន AFP ថា ច្រកឆ្លងកាត់ព្រំដែន Torkham រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានបើកដំណើរការឡើងវិញ ដើម្បីទទួលអ្នកថ្មើរជើង និងយានយន្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ជាងមួយសប្តាហ៍បន្ទាប់ពីវាត្រូវបានបិទ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធរវាងឆ្មាំព្រំដែន។
អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានស្ថិតក្នុងភាពជាប់គាំងការទូត ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញាមក នៅពេលដែលឆ្មាំព្រំដែនប្រទេសទាំងពីរបានបើកការបាញ់ប្រហារគ្នានៅច្រកឆ្លងកាត់ ពោលគឺពាក់កណ្តាលផ្លូវរវាងរដ្ឋធានីប្រទេសទាំងពីរ នៅក្នុងជម្លោះជុំវិញប៉ុស្តិ៍យាមអាហ្វហ្គានីស្ថានដែលកំពុងត្រូវបានសាងសង់។
ច្រកឆ្លងកាត់ព្រំដែន Torkham គឺជាផ្លូវឆ្លងកាត់ដ៏មមាញឹកបំផុតសម្រាប់ពាណិជ្ជកម្ម និងប្រជាជនរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន មានព្រំប្រទល់ប្រវែង ២,៦០០គីឡូម៉ែត្រ ដែលឆ្លងកាត់តាមភ្នំ និងជ្រលងភ្នំដ៏រដិបរដុប។
គួរបញ្ជាក់ផងដែរថា ច្រកឆ្លងកាត់ព្រំដែន គឺជាប្រភពនៃជម្លោះឥតឈប់ឈររវាងប្រជាជាតិទាំងពីរ ដោយទីក្រុងអ៊ីស្លាម៉ាបាដបានត្អូញត្អែរជាញឹកញាប់ថា ទីក្រុងកាប៊ុលបានបរាជ័យក្នុងការធានាសន្តិសុខនៅព្រំដែនរបស់ខ្លួន ដោយអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធឆ្លងកាត់ និងវាយប្រហារលើទឹកដីប៉ាគីស្ថាន។ យ៉ាងណាមិញ អាជ្ញាធរអាហ្វហ្គានីស្ថានបានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា