ភរិយាដ៏ឧត្តុង្គឧត្តមរបស់នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញទស្សនាមហាកំផែង រម្មណីយដ្ឋានដ៏ល្បីល្បាញរបស់សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៥ កញ្ញា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញទស្សនាមហាកំផែង ដែលជារម្មណីយដ្ឋានដ៏ល្បីល្បាញ់ របស់សាធារណរដ្ឋប្រជាមានិតចិន ។
វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៃថ្នាក់ដឹកនាំមហាកំផែង។ ក្នុងដំណើរទស្សនានោះ លោកជំទាវបណ្ឌិត និងគណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅតាមផ្នែកទាំងអស់ នៃមហាកំផែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈរបស់ពិភពលោក ។
លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំផែងថា នេះគឺជាលើកទីមួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំផែង បើទោះបីលោកជំទាវបណ្ឌិត ធ្លាប់បានអានប្រវត្តិនៃៗហាកំផែងនេះ ពីមុនៗក៏ពិតមែន។ លោកជំទាវបណ្ឌិតមានប្រសាសន៍លើកឡើងថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណងប្រវត្តិសាស្រ្តដ៌អស្ចារ្យខ្លាំងណាស់។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធីដ៌វិសេសសវិសាលនេះ ដើម្បីលោកជំទាវបានមកទស្សនាដោយផ្ទាល់មហាកំផែង ជាប្រវត្តិសាស្រ្តមានតម្លៃមហាសាល របស់ប្រទេស និងប្រជាជនចិន។ សូមបញ្ជាក់ថា មហាកំផែងចិន (ជញ្ជាំងវែងមួយម៉ឺនលី) គឺជាបណ្តុំនៃបន្ទាយ តំរៀបគ្នាជា បន្តបន្ទាប់ ដែលត្រូវបានសាងសង់ឆ្លងកាត់ព្រំដែនភាគខាងជើងនៃរដ្ឋចិនបុរាណ និង អធិរាជចិន ក្នុងប្រវត្តិសាស្ត្រ ដើម្បីការពារ ការប្រឆាំង និងឈ្លានពានពីសំណាក់ក្រុម ពនេចរ ផ្សេងៗពីតំបន់ខាងក្រៅ។ជញ្ជាំងជាច្រើនត្រូវបានសាងសង់តាំងពីដើមសតវត្សទី៧ មុនគ្រឹស្តសករាជ ជាមួយនឹងការសាងសង់លាតសន្ធឹងបន្តបន្ទាប់ទៀតដោយ អធិរាជ ឈីន ស៊ីហ័ង (Qin Shi Huang) ដែលជាអធិរាជទីមួយនៃប្រទេសចិន ក្នុងអំឡុងឆ្នាំ២២០ មុនគ.ស ។
ក្រោយមកទៀត ខ្សែរាជវង្សបន្តបន្ទាប់ជាច្រើន បានកសាង និងថែរក្សាជញ្ជាំងបន្ទាយព្រំដែនជាច្រើនខ្សែនេះ ។ ជញ្ជាំងព្រំដែនដែលកសាងឡើងដោយរាជវង្សផ្សេងៗគ្នាមានសណ្ឋានខុសៗគ្នាជាច្រើនផងដែរ។ ជញ្ជាំងកំផែងភាគច្រើនធ្វើពីថ្ម ឬដោយពុម្ភដីចាក់លាយជាមួយក្រួស។ ផ្នែកដែលល្បីបំផុត នៃជញ្ជាំង ត្រូវបានសាងសង់ ឡើងដោយរាជវង្ស មីង ក្នុងឆ្នាំ១៣៦៨ ដល់ឆ្នាំ១៦៤៤។ ក្រៅពីជាបន្ទាយការពារ គោលបំណងផ្សេងទៀតនៃមហាកំផែង បានរួមបញ្ជូលនៃការគ្រប់គ្រងព្រំដែន ដែលអនុញ្ញាតឱ្យមានការយកពន្ធលើទំនិញ ដែលដឹកជញ្ជូនឆ្លងកាត់តាមផ្លូវសូត្រនេះ ការធ្វើពាណិជ្ជកម្ម ការគ្រប់គ្រងអន្តោប្រវេសន៍ និងចំណាកស្រុក។
លើសពីនេះ មហាកំផែងត្រូវបានពង្រឹងជាលក្ខណៈការពារដោយការសាងសង់ ប៉មយាម បន្ទាយទាហាន ស្ថានីយ៍យោធភូមិ ដែលមានសមត្ថភាពផ្តល់សញ្ញាតាមរយៈផ្សែង ឬភ្លើង។ មហាកំផែងមានប្រវែងសរុប ២១,១៩៦.១៨គីឡូម៉ែត្រ លាតសន្ធឹងពីឧបទ្វីប ឡៅ ទុង (Liaodong) នៅភាគខាងកើត ប្រទេសចិន ទៅឧបទ្វីប លុប លេគ (Lop Lake) (ជាភាសម៉ុងហ្គោលី) ប្រែថា បឹងអំបិល នៅភាគខាងលិច និងពីព្រំដែនចិន-រុស្ស៊ីបច្ចុប្បន្ន នៅភាខាងជើងទៅទន្លេតាវ នៅភាគខាងត្បូង។ សព្វថ្ងៃនេះ បន្ទាយការពារ នៃមហាកំផែង ត្រូវបានទទួលស្គាល់ជាទូទៅថា ជាស្នាដៃស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប្រវត្តិសាស្ត្រចិន។
បច្ចុប្បន្ន មហាកំផែងចិន ទទួលបាននូវការចូលរួមទស្សនា ពីបណ្តាមេដឹកនាំពិភពលោក អ្នកទេសចរណ៍អន្តរជាតិ ពិសេសទេសចរណ៍ផ្ទៃក្នុង រាប់លាននាក់ ក្នុងមួយឆ្នាំៗ។
សូមបញ្ជាក់ដែរ ក្នុងឱកាស នៃការអញ្ជើញទស្សនាមហាកំផែងនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញសរសេរលើសៀវភៅក្រាំងមាស ទុកជាអនុស្សាវរីយ៍ ដើម្បីបញ្ជាក់ពីវត្តមានពេលវេលាថ្ងៃ ខែ ឆ្នាំ នៃការអញ្ជើញទស្សនាមហាកំផែង ដើម្បីទុកជាអនុស្សាវរីយ៍ រក្សាទុកក្នុងបណ្ណាល័យរបស់មហាកំផែង ។
នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមហាកំផែង បានជូនសៀវភៅរូបថត មហាកំផែង ជូនលោកជំទាវបណ្ឌិត និងថតរូបអនុស្សាវរីយ៍ក្ ង បរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ៕
ដោយ ៖ វណ្ណលុក