កម្ពុជា-អាស៊ែបៃហ្សាន សន្យាបន្តសហការគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សាន ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការពេញលេញ ដើម្បីជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យ ។
សម្តេចរដ្ឋសភាធិបតី សង្ឃឹមថា ក្រោមអាណត្តិការទូតរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងអាស៊ែបៃហ្សាន នឹងបន្តរីកលូតលាស់បន្ថែមទៀត។ សម្តេច ក៏បានស្នើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា អាស៊ែបៃហ្សាន បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពិសេសដើម្បីរដ្ឋសភាកម្ពុជា ធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បន្តថា អាស៊ែបៃហ្សាន ជាប្រទេសដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ក្នុងសម័យសហភាពសូវៀត ហើយបញ្ញាវន្តខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអាស៊ែបៃហ្សាន បានក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិបច្ចុប្បន្ននេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យធំធេង ដែលកម្ពុជាបានរៀបចំការបោះឆ្នោតសកលនាពេលថ្មីៗ និងបានអបអរសាទរចំពោះ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នៅក្នុងនីតិកាលទី៧នេះ។
ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានទទួលយកសំណើរបស់ សម្តេចរដ្ឋសភាធិបតី និងបានប្តេជ្ញាចិត្តថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអរគុណរដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាប្រទេសអាស៊ែបៃហ្សាន បានក្លាយជាអ្នកសង្កេតការណ៍អន្តរសភាអាស៊ាន កាលពីឆ្នាំកន្លងទៅ នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត AIPA លើកទី៤៣នោះ។
ឯកឧត្តម ស៊ូវគី មេឌីហ្សាដា នឹងពំានាំសំណូមពរនិងសំណើ ព្រមទំាងសារជូនពររបស់ សម្តេចប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំអាស៊ែបៃហ្សាន។ ឯកឧត្តម ក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមការបង្កើតសមាគមអតីតនិស្សិតកម្ពុជា និងអាស៊ែបៃហ្សាន ដើម្បីពួកគេបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា និងបានសិក្សាពីភាសា ប្រវត្តិសាស្រ្ត វប្បធម៌ ពីគ្នាទៅវិញទៅមកផងដែរ ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ