អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បំភ្លឺរឿងសារព័ត៌មានមួយចំនួនផ្សព្វផ្សាយព័ត៌មានបំផ្លើសខុសពីការពិតទាក់ទងនឹងការចាប់ខ្លួនជនបរទេសដែលបានប្រព្រឹត្តបទល្មើស នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា កន្លងមកមានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការចាប់ខ្លួនជនបរទេសដែលបានប្រព្រឹត្តបទល្មើស នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។ ជាការកត់សម្គាល់ ការផ្សព្វផ្សាយព័ត៌មានមួយចំនួនខាងលើ មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានញ្ជាក់ថា យោងតាមច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។ ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ដែលបានកំណត់របស់ប្រទេសនីមួយៗ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ទៀបញ្ហាខាងលើ គឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេសនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀត។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមសម្តែងនូវអំណរគុណដល់សាធារណជនទាំងអស់ ដែលបានឈ្វេងយល់ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអវិជ្ជមានទាំងនេះ ហើយបានចូលរួមទប់ស្កាត់នូវព័ត៌មានដែលមានចេតនា លម្អៀង និងបំផ្លើសខុសពីការពិត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិយើង។
សមត្ថកិច្ចសិង្ហបុរីបានបើកប្រតិបត្តិការចាប់ខ្លួនក្រុម លាងលុយកខ្វក់ជាមួយនឹងទ្រព្យសម្បត្តិប្រហែល១ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ៧៣៦លានដុល្លារអាមេរិក) ត្រូវបានរឹបអូស ឬបង្កក។ ក្នុងការបង្ក្រាបសមត្ថកិច្ចសិង្ហបុរី បានឃាត់ខ្លួនជនបរទេសចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន៣នាក់។ ការឆ្មក់បង្ក្រាបដំណាលគ្នា ដែលមានកម្លាំងសមត្ថកិច្ចចម្រុះជាង៤០០នាក់ ត្រូវធ្វើឡើងនៅទីតាំងជាច្រើនកន្លែង នៅទូទាំងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
សូមជម្រាបថា ជនបរទេសដែលត្រូវចាប់ខ្លួនមានសញ្ជាតិ ស៊ីប ទួរគី ចិន ខ្មែរ និងនី-វ៉ានូអាទូ (Ni-Vanuatu)។ ជនសង្ស័យទាំង១០នាក់ អាយុចន្លោះពី ៣១ឆ្នាំ ដល់ ៤៤ឆ្នាំ និងមិនមែនជាពលរដ្ឋសិង្ហបុរី ឬអ្នករស់នៅអចិន្ត្រៃយ៍នោះទេ។ ទ្រព្យសម្បត្តិ ត្រូវបានប៉ូលិសរឹបអូស និងបង្កក ដូចជា សាច់ប្រាក់ប្រហែល១ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ៧៣៦លានដុល្លារអាមេរិក) ដែលទុកក្នុងដែកសុវត្ថិភាព វ៉ាលិស និងគណនីធនាគារ, ផ្ទះ, ប្រអប់ផ្ទុកគ្រឿងអលង្ការ, ប្រអប់ខ្សែដៃមាស និងគ្រឿងពេជ្រ, រថយន្តទំនើបៗ កាបូប, នាឡិកាដៃ, និងស្រាថ្លៃៗ។ មនុស្សទាំង១០នាក់ រួមមាន ៖
ទី១-ឈ្មោះ Su Haijin អាយុ៤០ឆ្នាំ ភេទប្រុស សញ្ជាតិស៊ីប ត្រូវបានចាប់ខ្លួននៅក្នុងលំនៅដ្ឋាន Good Class Bungalows (GCB) តាមបណ្តោយ Ewart Park ក្នុងតំបន់ Holland។ ចោទប្រកាន់ ពីបទប្រឆាំងនឹងសមត្ថកិច្ចពេលចាប់ខ្លួន។
ទី២-ឈ្មោះ Vang Shuiming អាយុ៤២ឆ្នាំ ភេទប្រុស សញ្ជាតិទួគី ត្រូវបានចាប់ខ្លួននៅក្នុង GCB តាមបណ្តោយ Bishopsgate ក្នុងតំបន់ Tanglin។ ចោទប្រកាន់ ពីបទប្រើប្រាស់ឯកសារក្លែងបន្លំមួយចំនួន។
ទី៣-ឈ្មោះ Zhang Ruijin អាយុ៤៤ឆ្នាំ ភេទប្រុស សញ្ជាតិចិន និងទី៤-ឈ្មោះ Lin Baoying អាយុ៤៣ឆ្នាំ ភេទស្រី សញ្ជាតិចិន ត្រូវបានចាប់ខ្លួននៅក្នុងបឹងហ្គាឡូ នៅ Sentosa Cove។ អ្នកទាំងពីរ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំមួយចំនួន ក្នុងគោលបំណងឆបោក។
ទី៥-ឈ្មោះ Su Baolin អាយុ៤១ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ មុខរបរលក់ដូរ ត្រូវបានចាប់ខ្លួននៅក្នុងលំនៅដ្ឋាន GCB តាមបណ្តោយផ្លូវ Nassim។ ចោទប្រកាន់ពីបទប្រើប្រាស់ឯកសារក្លែងបន្លំមួយចំនួន។
ទី៦-Su Jianfeng អាយុ៣៥ឆ្នាំ ភេទប្រុស សញ្ជាតិនី-វ៉ានូអាទូ Ni-Vanuatu ត្រូវបានចាប់ខ្លួននៅលំនៅដ្ឋាន GCB តាមបណ្ដោយផ្លូវ Third Avenue ជិត Bukit Timah។ រងការចោទប្រកាន់ពីបទលាងលុយកខ្វក់។
ទី៧-ឈ្មោះ Chen Qingyuan អាយុ៣៣ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ ត្រូវបានចាប់ខ្លួននៅក្នុងខុនដូ តាមបណ្តោយផ្លូវ Leonie Hill ក្នុងតំបន់ River Valley។ រងការចោទប្រកាន់ពីបទ លាងលុយកខ្វក់។
ទី៨-ឈ្មោះ Wang Dehai អាយុ៣៤ឆ្នាំ ភេទប្រុស សញ្ជាតិស៊ីប ត្រូវបានចាប់ខ្លួននៅក្នុងខុនដូមួយ តាមបណ្តោយ Paterson Hill ក្នុងតំបន់ Orchard។ រងការចោទប្រកាន់ពីបទលាងលុយកខ្វក់។
ទី៩-ឈ្មោះ Wang Baosen អាយុ៣១ឆ្នាំ ភេទប្រុស សញ្ជាតិចិន ត្រូវបានចាប់ខ្លួននៅក្នុងខុនដូ តាមបណ្តោយផ្លូវ Tomlinson ក្នុងតំបន់ Tanglin។ រងការចោទប្រកាន់ពីបទ លាងលុយកខ្វក់។
និងទី១០-ឈ្មោះ Su Wenqiang ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ ឃាត់ខ្លួននៅលំនៅដ្ឋាន GCB តាមបណ្តោយផ្លូវ Lewis ក្នុងតំបន់ Bukit Timah។ រងការចោទប្រកាន់ពីបទ លាងលុយកខ្វក់។
ក្នុងចំណោមមនុស្ស១០នាក់ ដែលត្រូវបានចាប់ខ្លួននោះ អ្នកដែលមិនមានសញ្ជាតិចិន ត្រូវប៉ូលិសរកឃើញថា មានកាន់លិខិតឆ្លងដែនបរទេស ដែលគេជឿថា ចេញដោយប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត រួមទាំងប្រទេសតួគី និងសាធារណៈរដ្ឋដូមីនីកែន។ ពួកគេទាំង១០នាក់ ត្រូវបានឃុំខ្លួន ដើម្បីសាកសួរបន្ត ហើយមនុស្ស ១២នាក់ទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈ០៨នាក់ផ្សេងទៀត ប៉ូលិសកំពុងតាមចាប់ខ្លួន៕
ដោយ៖ពលជ័យ