សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួនជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពញ៖ កម្លាំងនគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលបានតាំងខ្លួនជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
នៅចំពោះមុខមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២: ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
ការក្លែងឯកសារខាងលើ ខ្លួនគេបានផលិតដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន តាមកម្មវិធី Microsoft Word និង Adobe Photoshop ធ្វើនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ទាក់ទងករណីនេះ ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។
ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់៕
ដោយ៖ពលជ័យ