វិមានរដ្ឋធម្មនុញ្ញ ដែលនឹងក្លាយជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ គ្រោងបញ្ចប់សាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤

ភ្នំពេញ៖ វិមានរដ្ឋធម្មនុញ្ញ ដែលនឹងក្លាយជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ ហើយទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាលនៅក្នុងសម័យតេជោសន្តិភាព ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចកសាងឡើងសម្រាប់កូនចៅជំនាន់ក្រោយបានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ដែលជាចំណងដៃប្រវត្តិសាស្ត្រ កើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៥កញ្ញា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំសហការី ចុះពិនិត្យការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅខាងលិចវិមានឯករាជ្យ រាធានីភ្នំពេញ ។

ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ បានឱ្យដឹងថា វិមាននេះ បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១២ ខែមថុនា ឆ្នាំ២០២៣ សម្រេចការសាងសង់បាន ៣៥ភាគរយហើយ នៅសល់តែការតុបតែងថ្មភកពីខាងក្រៅទាំងមូលនៃផ្នែកអគារ និងផ្នែកខាងលើ ដែលមានបុស្បុកធ្វើពីស្ពាន់ និងមានលក្ខណប្រណិតភាពខ្លាំង ដូចជា៖ កំពូលបុស្បុកធ្វើពីស្ពាន់ មានប្រាំពីរថ្នាក់, តួបុស្បុក មានជើងជាសារពើសូត្រ និងលម្អដោយក្បាច់ និងខឿនបុស្បុក មានបីថ្នាក់ ។ នៅខាងក្នុងវិមាន ក៏មានតម្កល់សសរស្ដម្ភមួយមានបាតប្រមាណ ១,៦ម៉ែត្រ កម្ពស់ជាង ២ម៉ែត្រ ធ្វើពីថ្មភកពណ៌ផ្កាឈូក និងមានព្រះកេសព្រះព្រហ្មធ្វើពីស្ពាន់ផងដែរ។ អគារនេះ មានកំពស់ ២១ម៉ែត្រ គ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តមបន្តថា វិមានរដ្ឋធម្មនុញ្ញ ជាបន្ទប់រាងបួនជ្រុង តំណាងឲ្យធាតុទាំងបួន មាន៖ ទឹក ដី ភ្លើង ខ្យល់ ជាទស្សនាទានស្ថាបត្យកម្ម នៃប្រាសាទនាគព័ន្ធ ។ ខឿនមានរាងជាសញ្ញាកាកបាទ មានទស្សនាទានស្ថាបត្យកម្មប្រាសាទនាគព័ន្ធ និងមានលំនាំស្ថាបត្យកម្មរ៉ូម៉ាំង ដែលបង្ហាញពីអត្ថន័យនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជា។ ចំពោះការចនាលើសន្លឹកទ្វារទាំង៤ មានទ្វារធំនៅទិសខាងកើត, ទ្វារបញ្ឆោត៣ នៅទិសខាងលិច ខាងត្បូង និងខាងជើង ត្រូវបានគិតគូរទៅលើទស្សនៈគុណតម្លៃ នៃរដ្ឋធម្មនុញ្ញនិយមទំនើប ។

ប្រធានក្រុមសាងសង់រូបនេះ បញ្ជាក់ថា ការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ជាការបង្គ្រប់បី លើបណ្តាញអ័ក្សជាមួយ វិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ដែលមានសារៈសំខាន់ណាស់ក្នុងទស្សនៈជំនឿ វប្បធម៌ សាសនា ក៏ដូចជាការគោរពដ៏ម៉ឺងម៉ាត់នូវគ៌ារដ្ឋធម្មនុញ្ញ ។ វិមានឯករាជ្យ វិមានព្រះបរមរូប និងវិមានរដ្ឋធម្មនុញ្ញ ត្រូវបានគិតរួមគ្នា តាមបែបទស្សនៈខ្មែរបុរាណ ហៅថា ត្រីមូរតិ គឺការគោរពសក្ការៈបីរួមគ្នាតែមួយ ស្របនឹងទស្សនាទាន បាវចនាជាតិ គឺ ជាតិ៖វិមានឯករាជ្យ សាសនា៖វិមានរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ៖មណ្ឌបព្រះបរមរូប ។

ក្នុងឱកាសចុះពិនិត្យការសាងសង់នេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានលើកឡើងពីបុព្វហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញថា រដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើជាលើកទី១ នៅឆ្នាំ១៩៤៧។ រយៈពេលជិត ៨ទសវត្សរ៍ រដ្ឋធម្មនុញ្ញកម្ពុជា បានផ្លាស់ប្ដូរជាបន្តបន្ទាប់ រហូតមកដល់រដ្ឋធម្មនុញ្ញទី៦ ត្រូវបានប្រកាសឱ្យប្រើក្នុងឆ្នាំ១៩៩៣ និងកំពុងស្ថិតនៅជាធរមានរហូតដល់បច្ចុប្បន្ន។ ដោយយល់ថា ក្នុងប្រវត្តិសាស្ត្រនៃការចាប់កំណើតធម្មនុញ្ញនិយមកម្ពុជា ពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ដើម្បីជានិមិត្តរូប និងជាទីសម្រាប់ប្រារព្ធពិធីអបអរខួបរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសនៅឡើយ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចស្ថាបនា វិមានរដ្ឋធម្មនុញ្ញ នេះ ដើម្បីធានាបាននូវអាយុកាលយូរអង្វែងទៅមុខ នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តថា «ផ្អែកលើខ្លឹមសារ និងគោលទស្សនៈសំខាន់ៗដែលមានក្នុងរដ្ឋធម្មនុញ្ញ ស្ថាបត្យករ បានរចនាវិមានដោយការនាំយកទស្សនៈធម្មនុញ្ញនិយម មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យកម្ម ក្នុងសណ្ឋានជារូបភាពសំយោគរវាង ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវនិមិត្តរូបនៃគុណតម្លៃទំនើប និង ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៃ កម្ពុជា ។ ដូច្នេះវិមាននេះ នឹងបានក្លាយជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌដ៏វិសេសវិសាលមួយរបស់ជាតិ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner