អាមេរិក និងអឺរ៉ុប ព្រមានអ៊ីរ៉ង់ថានឹងស្នើ IAEA ឱ្យដាក់ចេញនូវវិធានការដំណោះស្រាយបន្ថែមទៀត
អាមេរិក៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបចំនួនបីប្រទេសបានព្រមានអ៊ីរ៉ង់ថាពួកគេនឹងដាក់ចេញនូវដំណោះស្រាយមួយទៀតទៅកាន់ក្រុមប្រឹក្សាឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទាមទារឱ្យចាត់វិធានការលើបញ្ហាសំខាន់ៗ ដូចជាការផ្ដល់ព័ត៌មានលម្អិតអំពីដានអ៊ុយរ៉ាញ៉ូមដែលត្រូវបានរកឃើញនៅកន្លែងដែលមិនបានបង្ហាញជាសាធារណៈ។ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា តើពួកគេនឹងចាប់ផ្ដើមចាត់វិធានការដោយប្រើប្រាស់ដំណោះស្រាយនេះនៅពេលណានោះទេ។
ការព្រមាននេះបានធ្វើឡើងដោយអង់គ្លេស បារាំង និងអាល្លឺម៉ង់ ឬដែលហៅថាក្រុមប្រទេស E3 និងសហរដ្ឋអាមេរិក ពោលគឺក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ ករណីនេះក៏បានកើតឡើងចំពេលដែលស្ថានការណ៍រវាងលោកខាងលិច និងអ៊ីរ៉ង់កាន់តែស្មុគស្មាញ។
កាលពីខែវិច្ឆិកា អង្គការសហប្រជាជាតិបានដាក់ចេញដំណោះស្រាយមួយ បញ្ជាឱ្យទីក្រុងតេហេរ៉ង់ សហការជាបន្ទាន់ជាមួយនឹងការស៊ើបអង្កេតរបស់ IAEA ជុំវិញការរកឃើញវត្តមានភាគល្អិតអ៊ុយរ៉ាញ៉ូម នៅកន្លែងដែលមិនបានបញ្ជាក់ចំនួនបីទីតាំង។
ថ្មីៗនេះ មហាអំណាចលោកខាងលិចបានរិះគន់អ៊ីរ៉ង់ចំពោះការមិនសហការជាមួយ IAEA លើបញ្ហាដូចជាការដំឡើងកាមេរ៉ាឃ្លាំមើលឡើងវិញដែលត្រូវបានដកចេញកាលពីឆ្នាំមុន និងការពង្រឹងសារធាតុអ៊ុយរ៉ាញ៉ូមឱ្យបានដល់ជិត ៦០% ។ យ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ គេបានដឹងថាមានកិច្ចពិភាក្សាសម្ងាត់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឡើង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង ដូច្នេះវាហាក់ដូចជាកំពុងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។
អ្នកការទូតបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់កិច្ចពិភាក្សាកាត់បន្ថយភាពតានតឹងទាំងនោះទេ។ ប៉ុន្តែ វាជាកិច្ចពិភាក្សាពាក់ព័ន្ធនឹងការកាត់បន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់មកត្រឹម ៦០% ការដោះស្រាយមូលនិធិអ៊ីរ៉ង់ដែលបង្កកនៅក្រៅប្រទេស និងការផ្លាស់ប្តូរអ្នកទោសរវាងភាគីទាំងពីរ។
«ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការអនុវត្តពេញលេញនូវសកម្មភាពចាំបាច់ដែលមានចែងនៅក្នុងវិធានការដំណោះស្រាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី៤ ខែមីនា ក្រុមប្រឹក្សាភិបាលនឹងត្រូវរៀបចំចាត់វិធានការបន្ថែមទៀត ក្នុងការគាំទ្រដល់លេខាធិការដ្ឋាន (IAEA) បង្ខំឱ្យអ៊ីរ៉ង់ទទួលខុសត្រូវនាពេលអនាគត» នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់មហាអំណាចលោកខាងលិចទាំង ៤ ប្រទេស ដែលបានដាក់ទៅកាន់ក្រុមប្រឹក្សាភិបាល IAEA ដែលមានប្រទេសចំនួន ៣៥ ជាសមាជិកក្រុមប្រឹក្សាភិបាល។
នៅពេលប្រឈមមុខនឹងដំណោះស្រាយ អ៊ីរ៉ង់តែងតែប្រតិកម្មដោយការបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត។ អ៊ីរ៉ង់តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺផលិតឡើងសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ប៉ុន្តែមហាអំណាចលោកខាងលិចតែងតែបានដាក់ការសង្ស័យទៅលើការបកស្រាយរបស់អ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍រួមនេះផងដែរ ក៏បានលើកឡើងអំពីការដំឡើងឡើងវិញនូវឧបករណ៍ដើម្បីតាមដានត្រួតពិនិត្យ ដូចជាកាមេរ៉ា ប៉ុន្តែមានតែផ្នែកមួយចំនួននៃកាមេរ៉ាដែល IAEA ចង់ដាក់ឱ្យដំណើរការប៉ុណ្ណោះ ដែលត្រូវបានដំឡើងឱ្យដំណើរការឡើងវិញ។
ជំនួសឱ្យការបន្តវិធានការដំណោះស្រាយផ្លូវការមួយផ្សេងទៀតប្រឆាំងនឹងទីក្រុងតេហេរ៉ង់ដោយសារតែកង្វះវឌ្ឍនភាពលើបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA នាពេលថ្មីៗនេះ មហាអំណាចលោកខាងលិច រួមជាមួយនឹងប្រទេសចំនួន ៥៩ ផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍ក្រៅផ្លូវការមួយ ដោយជំរុញឱ្យអ៊ីរ៉ង់ដោះស្រាយបញ្ហាទាំងនោះភ្លាមៗ ជាពិសេសទាក់ទងនឹងសារធាតុអ៊ុយរ៉ាញ៉ូម។
យ៉ាងណាក៏ដោយ មានតែសមាជិកសរុបចំនួន ២២ ប្រទេស ក្នុងចំណោម ៣៥ ប្រទេសប៉ុណ្ណោះដែលបានគាំទ្រសេចក្តីថ្លែងការណ៍នេះ។ តួលេខនេះតិចជាងចំនួនប្រទេសដែលបានគាំទ្រវិធានការដំណោះស្រាយកាលពីខែវិច្ឆិកា ដោយកាលនោះមានចំនួន ២៦ ប្រទេស៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters
US, Europeans again threaten Iran with IAEA resolution but leave timing open