នីហ្សេរីយ៉ា មានភ្លើងប្រើប្រាស់វិញបន្ទាប់ពីដាច់ចរន្ដអគ្គិសនីនៅទូទាំងប្រទេស
នីហ្សេរីយ៉ា៖ កាលពីយប់ថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅប្រទេសនីហ្សេរីយ៉ាបានប្រកាសពីការដាច់ប្រព័ន្ធភ្លើង ដោយសារមានអគ្គិភ័យឆេះចំខ្សែបញ្ជូនថាមពលដ៏សំខាន់ដែលបណ្ដាឱ្យដាច់ចរន្ដអគ្គិសនីនៅទូទាំងប្រទេស។ យ៉ាងណាមិញ ខណៈពេលនេះថាមពលអគ្គីសនីក៏កំពុងតែវិល ត្រឡប់ទៅរកសភាពដើមវិញហើយ។
លោក Adebayo Adelabu រដ្ឋមន្ត្រីក្រសួងថាមពលនីហ្សេរីយ៉ាបានឱ្យដឹងថា អគ្គិភ័យដែលឆេះលើ ខ្សែភ្លើងនោះ បានបណ្ដាលឱ្យមានការផ្ទុះនៅលើខ្សែបញ្ជូនដទៃទៀត ដែលធ្វើឱ្យប៉ះពាល់បន្តដល់បណ្ដាញតភ្ជាប់ទៅកន្លែងផ្គត់ផ្គង់ថាមពលនៅទូទាំងប្រទេស។
រដ្ឋមន្ត្រីរូបនេះបន្តទៀតថាមកដល់ពេលនេះអគ្គិភ័យនៅលើខ្សែបញ្ជូនថាមពលត្រូវបានគ្រប់គ្រងប្រមាណ ៥០ភាគរយ ហើយ ចំណែកឯពាក់កណ្ដាលទៀត ក៏នឹងត្រូវតភ្ជាប់មកវិញក្នុងពេលឆាប់ៗខាងមុខ។
ដោយឡែក នៅអំឡុងពេលកើតហេតុភ្លាមៗ ការផ្គត់ផ្គង់ថាមពលបានធ្លាក់ដល់សូន្យតែម្ដង ប៉ុន្តែខណៈពេលនេះក៏បានកើនឡើងវិញដល់ ១,៣៤១ មេហ្កាវ៉ាត់។ តែយ៉ាងណា ទំហំនៃការផ្គត់ផ្គង់នេះនៅតែតិចជាងអគ្គិសនីជាទូទៅដែលមានចំនួន ៤,១០០ មេហ្កាវ៉ាត់។
គួរបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅប្រទេសនីហ្សេរីយ៉ាគឺមិនសូវជាមានភាពទៀតទាត់ប៉ុន្មាននោះទេ ខណៈពេលដែលប្រទេសនេះជាប្រទេសផលិតប្រេង និងឧស្ម័នដ៏សំខាន់មួយ។ ភាពមិនទៀងទាត់នៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនេះហើយដែលធ្វើឱ្យម្ចាស់អាជីវកម្មធំៗក្នុងស្រុក បង្វែរទៅបណ្ដាក់ទុន លើអាជីវកម្មប្រេងឥន្ធនៈវិញ។
រីឯមូលហេតុនៃភាពមិនទៀតទាត់នៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនេះគឺដោយសារតែប្រទេសនេះមាន កម្រិតទឹកទាបសម្រាប់រោងចក្រវារីអគ្គិសនី ហើយការផ្គត់ផ្គង់ហ្គាសនៅរោងចក្រថាមពលឧស្ម័នទៀតសោតក៏មានកម្រិតទាបផងដែរ។
«យើងត្រូវចំណាយអស់ប្រាក់ជាច្រើន ទៅលើប្រេងសាំង ហើយក្នុងនាមជាក្រុមហ៊ុនប្រកបអាជីវកម្មបច្ចេកវិទ្យា នេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរដែលយើងត្រូវទទួលខុសត្រូវ»។ នេះបើតាមប្រសាសន៍របស់លោក Dickcion Bolodeku នាយកប្រតិបត្តិនៅក្រុមហ៊ុនបច្ចេកវិទ្យា Bayelsa Tech Hub ក្រោយរដ្ឋាភិបាលនីហ្សេរីយ៉ាសម្រេចចិត្តដកប្រាក់ឧបត្ថម្ភលើប្រេងឥន្ធនៈ។
បើទោះជាយ៉ាងនេះក្ដី ប្រទេសនីហ្សេរីយ៉ាបានសន្សំប្រាក់ជាង ១ ពាន់ពាន់លានណារ៉ា (១.៣២ពាន់លានដុល្លារ) ក្នុងរយៈពេលត្រឹមតែជាងពីរខែប៉ុណ្ណោះ ក្រោយការលុបចោលការឧបត្ថម្ភលើប្រេងឥន្ធនៈនៅក្នុងប្រទេស៕
ប្រែសម្រួល៖ កែវ បុស្បា