ប្រធានាធិបតីចិន ចាត់ទុកទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួយជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន កាន់តែស៊ីជម្រៅ
ភ្នំពេញ៖ ប្រធានាធិបតីចិន បានចាត់ទុកទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិននាពេលនេះ នឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានដកស្រង់ពីបណ្ដាញព័ត៌មានទូរទស្សន៍ចិន ស្ដីពីជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។
បើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដកស្រង់ពីបណ្ដាញព័ត៌មានទូរទស្សន៍ចិន បានឱ្យដឹងថា៖ ចំណងជើង «លោក ស៊ី ជីនពីងជួប លោក ហ៊ុន ម៉ាណែត៖ ស្វាគមន៍សម្តេចហ៊ុន សែន លោកឪពុករបស់លោកមកលេងប្រទេសចិនអោយបានញឹកញាប់»។
ខ្ញុំមានសេចក្តីសោមនស្សរីករាយ ណាស់ ដែលបានជួប លោក នាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សម្តេច ហ៊ុន សែន ដែលជាលោកឪពុករបស់លោក បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា។
ខ្ញុំសូម ផ្តាំផ្ងើសួរសុខទុក្ខដោយ ស្មោះ ត្រង់ជូនចំពោះ គាត់ នឹងស្វាគមន៍គាត់មកលេងប្រទេសចិនអោយញឹកញាប់។ និទាឃរដូវនាឆ្នាំនេះ លោកនិងឪពុករបស់លោកបានទៅទស្សកិច្ចនៅប្រទេសចិន។
សម្តេច ហ៊ុន សែន និងខ្ញុំ បានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។
រដូវស្លឹកឈើជ្រុះនាខែកញ្ញាឆ្នាំនេះ លោកបានមកទស្សកិច្ចនៅប្រទេសចិន ខ្ញុំជឿថា លោកគឺជាអ្នកប្រមូលផល លោកនឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន ។
ក្រៅពីទស្សនកិច្ចផ្លូវការហើយនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមក្នុងពីព័រណ៌អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីង តំបន់ស្វ័យតក្វាស៊ី ផងដែរ ៕
ដោយ ៖ វណ្ណលុក