រដ្ឋមន្រ្តីសុខាភិបាល ផ្តល់អនុសាសន៍ឱ្យបន្តកែលម្អគុណភាពបង្រៀន និងពង្រឹងក្រមសីលធម៌និស្សិតពេទ្យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានផ្តល់អនុសាសន៍ដល់មន្រ្តីនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបន្តកែលម្អកម្មវិធីបណ្តុះបណ្តាល គុណភាពបង្រៀន និងបន្តពង្រឹងលើការបណ្តុះបណ្តាល ចំណេះវិជ្ជា ក្រមសីលធម៌ដល់និស្សិត ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនាពេលអនាគត ដើម្បីចូលរួមលើកកម្ពស់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបែបេនេះ ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ពិនិត្យ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣​។ នេះបើតាមក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ។

ឯកឧត្តម ឈាង រ៉ា មានប្រសាសន៍ថា ការចុះពិនិត្យនេះក្នុងគោលបំណងស្វែងយល់ និងផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលជាអ្នកចង្អុលបង្ហាញផ្លូវដល់សិស្ស-និស្សិត ដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពបន្ថែមទៀត។ឯកឧត្តមបន្តថា៖« ព្រោះនិស្សិត នឹងក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ ក្នុងវិស័យសុខាភិបាល ផ្នែកថែទាំ និងផ្តល់សេវាសុខភាពជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច របស់ក្រសួងសុខាភិបា ដើម្បីធានាការផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល»។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួនរួមមាន ការបន្តកែលម្អកម្មវិធីបណ្តុះបណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត ស្របតាមការវិវត្តន៍នៃវិទ្យាសាស្រ្តសុខាភិបាល។ ការបន្តកែលម្អគុណភាពបង្រៀន (គរុកោសល្យ) ដល់គ្រូបណ្តុះបណ្តាល និងបន្តការពិនិត្យ និងពង្រឹងជាពិសេសលើការបង្រៀន និងបណ្តុះបណ្តាលលើចំណេះវិជ្ជាក្រមសីលធម៌ដល់និស្សិត ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនាពេលអនាគត ដើម្បីធានាឱ្យទទួលបានធនធានមនុស្សផ្តល់សេវាសុខាភិបាលប្រកបដោយគុណតម្លៃថ្លៃថ្នូរនិងខ្ពង់ខ្ពស់គ្រប់ពេលវេលានិងទីកន្លែង។ឯកឧត្តម​ផ្តល់​​អនុសាសន៍ថា៖«កាន់តែខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្ខិតឱ្យកាន់តែជិតរវាងមន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលជាថ្នាលបណ្តុះបណ្តាល ទាំងផ្នែកទ្រឹស្តី និងការអនុវត្តដោយក្នុងនោះត្រូវពង្រឹងទាំងវិន័យ និងគុណភាពឱ្យបានច្បាស់លាស់ ក្នុងករណីដែលនិស្សិតចុះកម្មសិក្សានៅតាមអង្គភាពសុខាភិបាលនានា»។

គួរជម្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យា ដូចជា ឱសថសាស្ត្រ ទន្តសាស្រ្ត វេជ្ជសាស្ត្រ សុខភាពសាធារណៈ និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត (គិលានុបដ្ឋាក និងឆ្មប) ព្រមទាំងអង្គភាពក្រោមឱវាទដូចជា មជ្ឈមណ្ឌលសុខភាពសាកល និងមន្ទីរពេទ្យសាកលវិទ្យាល័យ៕

ដោយ៖ សុខ រក្សា

ads banner