២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១១៧ករណី (Video Inside)

មានប្រទេសតែ ៣ ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានមានចំនួន ១១៧ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ៨២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ប្រទេសទាំង ៣ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ គឺប្រទេសវៀតណាម, មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី។ ប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ៨៥ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ាមានការឆ្លងចំនួន ២ករណី តិចជាងគេក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសចំនួន ៧ទៀត រួមមានប្រទេសហ្វីលីពីន, ប្រុយណេ, សឹង្ហបុរី, ឡាវ, ថៃ, ឥណ្ឌូនេស៊ី, និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ១ពាន់ ៥៨៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០៧នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

ads banner