ក្រុមហ៊ុនការពារជាតិអាមេរិកពីរជាប់ទណ្ឌកម្មចិន ពាក់ព័ន្ធនឹងលក់អាវុធឱ្យតៃវ៉ាន់
ប៉េកាំង៖ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិចំនួន ២ របស់សហរដ្ឋអាមេរិក មានដូចជា Lockheed Martin និង Northrop Grumman ឆ្លើយតបទៅនឹងការផ្គត់ផ្គង់អាវុធឱ្យទៅកោះតៃវ៉ាន់។
ស្ថិតក្រោមច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ សភាអាមេរិកបានជាប់កាតព្វកិច្ចផ្គត់ផ្គង់អាវុធដល់កោះប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ សម្រាប់ការការពារខ្លួន។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង បានថ្លែងថា ទោះបីជាចិនបានបង្ហាញការជំទាស់យ៉ាងណាក៏ដោយក្តី រដ្ឋាភិបាលអាមេរិកនៅតែរឹងរូស ក្នុងការផ្គត់ផ្គង់សព្វាវុធឱ្យទៅកោះតៃវ៉ាន់ ដែលជាទង្វើប៉ះពាល់ជាខ្លាំងចំពោះអធិបតេយ្យ និងផលប្រយោជន៍ផ្នែកសន្តិសុខរបស់ប្រទេសចិន។
លោកស្រីបន្តថា Lockheed Martin គឺជាក្រុមហ៊ុនម៉ៅការចម្បងគេនៅក្នុងការលក់អាវុធរបស់អាមេរិកឱ្យទៅតៃវ៉ាន់ ដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ហើយក្រុមហ៊ុន Northrop Grumman ក៏បានចូលរួមពាក់ព័ន្ធក្នុងការលក់អាវុធរបស់អាមេរិកជាច្រើនលើកផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា យោងតាមច្បាប់ប្រឆាំងទណ្ឌកម្មបរទេស ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាទាំងពីរនេះរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា