ក្រុមហ៊ុនតូយ៉ូតាចាប់ផ្តើមផលិតកម្មនៅប្រទេសឆែកឡើងវិញ ក្រោយអគ្គិភ័យឆេះបំផ្លាញរោងចក្រនៅទីនោះ

ប្រាក៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន តូយ៉ូតា មានមូលដ្ឋាននៅប្រទេសឆែក បានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញាថា ខ្លួននឹងចាប់ផ្តើមផលិតកម្មឡើងវិញក្នុងប្រទេសសហភាពអឺរ៉ុបមួយនេះ បន្ទាប់ពីបានផ្អាកជិតមួយខែ ដោយសារអគ្គីភ័យបានឆេះបំផ្លាញរោងចក្រផ្គត់ផ្គង់គ្រឿងបន្លាស់ប្លាស្ទិករបស់ខ្លួន។

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតលើពិភពលោក (តូយ៉ូតា) បានបញ្ឈប់ការផលិតនៅរោងចក្ររបស់ខ្លួន ស្ថិតនៅភាគខាងកើតទីក្រុងប្រាក កាលពីថ្ងៃទី២២ ខែសីហា មួយសប្តាហ៍បន្ទាប់ពីរោងចក្រផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុកណូវ៉ារេស ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះ។ រោងចក្រមានមូលដ្ឋាននៅប្រទេសឆែករបស់តូយ៉ូតា ជាធម្មតាផលិតរថយន្ត Toyota Aygo និង Yaris ប្រហែល ១,០០០គ្រឿងក្នុងមួយថ្ងៃ។

សមាជិកសហភាពអឺរ៉ុបដែលមានប្រជាជនចំនួន ១០.៥លាននាក់ (សាធារណរដ្ឋឆែក) ពឹងផ្អែកយ៉ាងខ្លាំងលើការផលិតរថយន្ត និងការនាំចេញ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid និងសង្រ្គាមនៅអ៊ុយក្រែន។ ឆែកក៏ជាម្ចាស់ផ្ទះរបស់រោងចក្រផលិតរថយន្តធំៗចំនួនបីផងដែរ ដែលក្នុងនោះរួមមានក្រុមហ៊ុន Volkswagen Skoda Auto, Toyota និង Hyundai របស់កូរ៉េខាងត្បូង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner