នាយករដ្ឋមន្រ្តីជប៉ុននៅតែមានឆន្ទៈចង់ជួបលោក គីម ជុងអ៊ុន ដោយផ្ទាល់
តូក្យូ៖ មន្រ្តីជាន់ខ្ពស់ជប៉ុន នៅថ្ងៃទី១៥ ខែកញ្ញានេះ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅតែបន្តមានឆន្ទៈចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយមិនមានការកំណត់លក្ខខណ្ឌជាមុនឡើយ។
ប្រធានខុទ្ទកាល័យ នៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាត់ស៊ូណូ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា យើងចង់រៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីសម្រេចបានកិច្ចប្រជុំកំពូលមួយឱ្យបានឆាប់រហ័ស តាមតែអាចធ្វើទៅបាន។លោក ម៉ាត់ស៊ូណូ បន្តថា លោក គីស៊ីដា នៅតែបន្តបង្ហាញពីឆន្ទៈរបស់គាត់ ក្នុងការជួបមុខគ្នាផ្ទាល់មួយលោក គីម នៅពេលណាក៏បាន និងដោយមិនមានបុរេលក្ខខណ្ឌអ្វីទាំងអស់។
ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី លោកស្រី យ៉ូកុ កាមីកាវ៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងតូក្យូកំពុងតាមដានកិច្ចពិភាក្សារវាងរុស្ស៉ី និងកូរ៉េខាងជើង ជាមួយក្តីបារម្ភ ក្នុងនោះរួមមានទាំងលទ្ធភាពបំពានលើការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការទិញលក់អាវុធជាមួយកូរ៉េខាងជើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា