រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្ម ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AMRO)
(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ បានទទួលការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីសំណាក់ក្រុមបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន ASEAN+3 Macroeconomic Research Office (AMRO) ដែលដឹកនាំដោយលោកប្រធាន បណ្ឌិត លី គូឈីង ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ នៃបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន AMRO ដែលតែងសិក្សាវាយតម្លៃអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងផ្តល់អនុសាសន៍សំខាន់ៗសម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ។
ភាគីទាំងពីរ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ ២០២៣ នេះ ដែលមានភាពធូរស្រាលបន្តិច ហើយដែលត្រូវបានសន្និដ្ឋានចុងក្រោយថានឹងមិនធ្លាក់ទៅក្នុងស្ថានភាពនៃវិបត្តិទេ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសធំៗមួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់មករកស្ថានភាពធូរស្រាលជាងមុន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំណាយប្រើប្រាស់ និងភាពរឹងមាំនៃទីផ្សារការងារ ក្រោយសម្ពាធអតិផរណាត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់ ។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចពិភពលោកហាក់នៅមានភាពផុយស្រួយ និងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ជាងមុន ដោយសារការកើនឡើងនូវភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងការបែកខ្ញែកច្រវ៉ាក់ផ្គត់ផ្គង់សកល, លទ្ធភាពនៃការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់, ការងើបឡើងយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន និងបម្រែបម្រួលអាកាសធាតុ ជាដើម ។
លោកបណ្ឌិត លី គូឈីង ក៏បានកត់សម្គាល់ផងដែរថា សេដ្ឋកិច្ចកម្ពុជា មានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំបន្ទាប់ពីការបើកប្រទេសឡើង ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក និងការកើនឡើងតម្រូវការសកល ។ នៅក្នុងឆ្នាំ ២០២៣, AMRO វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំណើនក្នុងអត្រា ៥,៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិច ជាការវាយតម្លៃកាលពីដើមឆ្នាំក្ដី ។ កំណើន នេះជំរុញដោយការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍, ភាពរឹងមាំ នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងលំនឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីមានការថមថយវិស័យកាត់ដេរ និងភាពទ្រឹងនៃវិស័យសំណង់ និងអចលនទ្រព្យក៏ដោយ ។
កត្តាទាំងនេះ បង្ហាញពីលទ្ធផល នៃការបន្តអនុវត្តវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់វិស័យអាទិភាពដែលនៅទទួលរងផលប៉ះពាល់ ។ ទោះបីរាជរដ្ឋាភិបាល បានបង្កើនចំណាយសម្រាប់ការជួយអន្តរាគមន៍ទំាងនេះ ក៏ស្ថានភាពហិរញ្ញវត្ថុសាធារណៈជារួមនៅរក្សាបានចីរភាព តាមរយៈការរក្សានូវវិន័យថវិកា ការចាយចំទិសដៅ ព្រមទាំង ការរក្សាបំណុលសាធារណៈឱ្យនៅកម្រិតទាបអាចគ្រប់គ្រងបាន ។ វិស័យហិរញ្ញវត្ថុក៏នៅមានស្ថិរភាព ទោះបីមានការប៉ះពាល់ខ្លះដោយសារការកើនឡើងនូវអត្រាការប្រាក់គោលជាសកល ។ ទំហំពាណិជ្ជកម្មជារួមមានតុល្យភាព ល្អប្រសើរ ដោយសារការថមថយការនាំចេញ ជាពិសេស វត្ថុធាតុដើមផលិត ខណៈដែលការបង្វែរឯកជននៅបន្តមានកំណើន ។
ជាមួយគ្នានេះ, លោកបណ្ឌិត លី គូឈីង បានលើកឡើងជាអនុសាសន៍មួយចំនួនដូចជា៖
១. កម្ពុជា គួរចាប់ផ្តើមកសាងឡើងវិញនូវទ្រនាប់ថវិកា ដើម្បីពង្រឹងភាពធន់នៃហិរញ្ញវត្ថុសាធារណៈ,
២. គួរ បន្តតាមដាន និងពង្រឹងភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាព និង
៣. ការបន្តពង្រឹងការអនុវត្តគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីបង្កើនភាពធន់ និងភាពប្រកួតប្រជែងរបស់កម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃកំណើន សេដ្ឋកិច្ច និងបានសម្តែងការគាំទ្រទៅនឹងអនុសាសន៍របស់ក្រុមការងារ AMRO ដើម្បីធានាបានចីរភាពកំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងបានលើកឡើងអំពីទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងភាពធន់ទាំង ៥ ដូចមានក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១៖
១. ភាពធន់នៃស្ថាប័នសាធារណៈ,
២. ភាពធន់នៃសេដ្ឋកិច្ច,
៣. ភាពធន់នៃសង្គម,
៤. ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និង
៥. ភាពធន់ផ្នែកបរិស្ថាន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AMRO ក្នុងការវាយតម្លៃពាក់ព័ន្ធនឹងស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាផ្តល់ទស្សនៈ និងអនុសាសន៍នានា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជូនពរក្រុមការងារឱ្យទទួលបានជោគជ័យ និងផ្លែផ្កាសម្រាប់ការបំពេញបេសកកម្មការងារក្នុងឆ្នាំ២០២៣នេះ ៕
ដោយ ៖ វណ្ណលុក ,វេង លីមហួត