អវកាសយានិករុស្ស៊ី និងអាមេរិកដឹកដៃគ្នាទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)
អាស្តាណា៖ អវកាសយានិករុស្ស៊ីពីរនាក់ និងអវកាសយានិកអាមេរិកម្នាក់នៅថ្ងៃទី១៥ ខែកញ្ញានេះ បានសហការគ្នាបញ្ជាយានចូលចតនៅឯស្ថានីយអវកាសអន្តរជាតិ (ISS) ដោយជោគជ័យ ទោះបីជាមានភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ ជុំវិញជម្លោះនៅអ៊ុយក្រែនក៏ដោយ។
នៅព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញានេះ អវកាសយានិកពីរនាក់មកពីអង្គការអវកាសរុស្ស៊ី Roscosmos លោក Oleg Kononenko និងលោក Nikolai Chub និងអវកាសយានិកម្នាក់ទៀតមកពីអង្គការ NASA អ្នកនាង Loral O’Hara បានចាកចេញពីទីតាំងបាញ់បង្ហោះផ្កាយរណប Baikonur cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន តាមរយៈយានអវកាសរុស្ស៊ី Soyuz MS-24 ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារអវកាសរុស្ស៊ីបាននិយាយថា ក្រុមអវកាសយានិកបានចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ដោយជោគជ័យ ក្នុងពេលបីម៉ោងក្រោយចាកចេញពីផែនដី។ អំឡុងពេលនៅឯស្ថានីយគន្លងតារាវិថី អវកាសយានិកទាំងបីនឹងចូលរួមជាមួយជនជាតិរុស្សីបីនាក់ អាមេរិកពីរនាក់ និងអវកាសយានិកជប៉ុនម្នាក់ រួមទាំងតំណាងទីភ្នាក់ងារអវកាសអឺរ៉ុបម្នាក់ទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា