មេបញ្ជាការសឹករងខេត្តកំពង់ធំ ត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំង ប្រចាំឆ្នាំ២០២៣
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយគណៈកម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូយោធាចារ្យ នៅថ្ងៃទី១៥កញ្ញា បានចុះត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺន និងប្រជុំបូកសរុបដកបទពិសោធន៍ អំពីការងារហ្វឹកហ្វឺនបំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣ ដែលបានហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេលជិត ៣ខែកន្លងមក ដែលនឹងត្រូវត្រៀមរៀបចំពិធីបិទវគ្គហ្វឹកហ្វឺននៅពេលខាងមុខ ។
លោកវរសេនីយ៍ទោ ថនស៊ី សក្កា មេបញ្ជាការកងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣ បាន រាយការណ៍អំពីលទ្ធផលសំខាន់ៗ អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបទពិសោធន៍មួយចំនួន នៃការហ្វឹកហ្វឺនរៀនសូត្រ ដែលគណៈកម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូយោធាចារ្យបានបង្ហាត់បង្រៀនដល់សិក្ខាកាមនាពេលកន្លងមក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ក្រុមគ្រូយោធាចារ្យ ដែលបានយកអស់ពីកម្លាំងកាយចិត្ត និងចំណេះដឹង ហ្វឹកហ្វឺននិងរៀនសូត្រ ជូនដល់សិក្ខាកាម ឲ្យទទួលបានលទ្ធផលល្អ ពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធ ប្រយុទ្ធ និងធ្វើការងារ សមស្របជាកងយោធពលខេមរភូមិន្ទ ក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មការគ្រប់គ្រងវគ្គ និងថ្នាក់ដឹកនាំស្ថាប័នការិយាល័យពាក់ព័ន្ធ ត្រូវប្រុងប្រៀបរៀបចំកិច្ចការធានាផ្សេងៗ តាមភារកិច្ចរៀងៗខ្លួន ដើម្បីបម្រើឲ្យការរៀបចំពិធីបាញ់ស៊ីបគ្រាប់ពិត នៅពេលបញ្ចប់វគ្គ ឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់សិក្ខាកាម ក្រោយពេល ហ្វឹកហ្វឺនរៀនសូត្រកន្លងមក និងការប្រុងប្រៀបរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងកងកម្លាំងប្រចាំឆ្នាំ២០២៣ នៅពេលខាងមុខ ឲ្យទទួលបានជោគជ័យ ៕
ដោយ ប៊ុន រដ្ឋា